ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋ អាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានប្រគល់លិខិតចំនួនពីរច្បាប់ដាច់ដោយឡែកពីគ្នារបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដោយផ្ទាល់។ ខ្លឹមសារនៃលិខិតគឺបានផ្តោតទៅលើការ ប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការស្តារកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជាឲ្យបានប្រសើរឡើងវិញ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនាល្ងាចថ្ងៃទី២១ ខែវិច្ឆិកា នៅវិមានសន្តិភាពថា ៖ លិខិតទាំងពីរច្បាប់ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន ដោយលោកឯកអគ្គរដ្ឋទូតអាមេរិក។លោក កៅ គឹមហួន បានបង្ហាញលិខិតដែលមានចុះហត្ថលេខារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលលិខិតទីមួយគឺស្តីពីការលើកកម្ពស់ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា និង លិខិតទី២.គឺការអញ្ជើញសម្តេចតេជោ ហ៊ុន សែន ឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិកនៅសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០២០។ បើយោងតាមលោក កៅ គឹមហួន ,សម្តេចតេជោ ហ៊ុន សែន បានសម្តែងការពេញចិត្តចំពោះលិខិតទាំងពីរនេះដោយសម្តេចចាត់ទុកថា នេះជាលើកទីមួយហើយក្នុងប្រវត្តិសាស្ត្រ ដែលប្រធានាធិបតីសហរដ្ឋអាមេរិកសរសេរលិខិតផ្ទាល់ដែលពីមុនមកមិនធ្លាប់មាន។
លោកបានបញ្ជាក់ថា ៖ អត្ថន័យនៃលិខិតទាំងនេះសហរដ្ឋអាមេរិកមានគោលបំណងស្តារនូវទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាហើយអ្វីដែលសំខាន់គឺសហរដ្ឋអាមេរិកមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការគាំទ្រកម្ពុជាជាពិសេសគោរពអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ហើយនិងជួយកម្ពុជាក្នុងការការពារអធិបតេយ្យភាពកម្ពុជានេះ ហើយជាពិសេសទៀតនោះសហរដ្ឋអាមេរិកបញ្ជាក់ថា មិនមានការគាំទ្រឲ្យមានការប្ដូររបបនៅប្រទេសកម្ពុជាទេ។ ជាមួយនេះសហរដ្ឋអាមេរិកបានបញ្ជាក់ថា ប្រទេសទាំងពីរ នឹងបន្តធ្វើការជាមួយគ្នាលើគ្រប់ផ្នែកនិងគ្រប់វិស័យ។ ជាពិសេសទៀតអ្វីដែលសំខាន់គឺការបន្ត ធ្វើការជាមួយគ្នា ហើយលិខិតនេះមានចំណុចវិជ្ជមានជាច្រើនដែលនឹងធ្វើសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ហើយក៏មានចំណុចដែលយើងត្រូវតែខិតខំបន្តធ្វើការជាមួយគ្នាទៅលើចំណុចផ្សេងទៀត ដែលជាការបារម្ភ ហើយដែលកម្ពុជាកំពុងធ្វើការជាមួយសហរដ្ឋអាមេរិក ដោយសារកិច្ចសហប្រតិបត្តិការ ទ្វេភាគីមានច្រើន។

សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរចំពោះលោក patrick murphy ដែលកន្លងមកនេះបានចូលរួមយ៉ាងសកម្មជាមួយបុណ្យជាតិរបស់កម្ពុជា ដូចជាកន្លងមកនេះមានបុណ្យអុំទូកជាដើម និងបានបន្តធ្វើការងារជាមួយមន្ត្រីកម្ពុជា ដូចជាមួយសម្ដេចពិជ័យសេនាទៀបាញ់រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាមួយរដ្ឋមន្ត្រីក្រសួងព័ត៌មាន។
ចំពោះលិខិតទី ២ គឺពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក លិខិតនេះក៏ជាលិខិតផ្ទាល់ដែលចុះហត្ថលេខាដោយលោកប្រធានាធិបតីដូណាល់ត្រាំផ្ញើជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីដោយផ្ទាល់ដែរ។ អ្វីដែលសំខាន់នៅក្នុងលិខិតនេះ គឺលោកប្រធានាធិបតីដូណាល់ត្រាំអញ្ជើញសម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅចូលរួមកិច្ចប្រ្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិក នៅសហរដ្ឋអាមេរិកនៅក្នុង ឆមាសទី ១ ឆ្នាំ២០២០ខាងមុខនេះ។ ដោយសារអាមេរិកជាដៃគូយុទ្ធសាស្ត្ររបស់អាស៊ាន សម្ដេចតេជោមានប្រសាសន៍ថា សម្ដេចគាំទ្រសហរដ្ឋអាមេរិកក្នុងការរៀបចំកិច្ចប្រជុំកំពូលរវាងអាស៊ាននិងសហរដ្ឋអាមេរិក ដែលនេះជាលក្ខណៈពិសេសសម្រាប់ពង្រឹងនូវយុទ្ធសាស្ត្ររវាងអាស៊ាននិងអាមេរិក។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សម្ដេចគាំទ្រឲ្យមានកិច្ចប្រជុំនេះ ដើម្បីផលប្រយោជន៍ទាំងសងខាងជាពិសេសផលប្រយោជន៍អាស៊ានផងដែរ ហើយសម្ដេចនឹងពិភាក្សាជាមួយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលអាស៊ានផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានការឯកភាពគ្នាជាឯកច្ឆន្ទនៅក្នុងការឲ្យមាន កិច្ចប្រជុំនេះ។ នៅក្នុងកិច្ចការនេះសម្ដេចមានគោលការណ៍ច្បាស់លាស់នៅក្នុងការគាំទ្រធ្វើយ៉ាងណាឱ្យដៃគូយុទ្ធសាស្ត្រអាស៊ានសហរដ្ឋអាមេរិកនេះបន្ត រីកចម្រើនបន្តផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា កិច្ចប្រជុំកំពូលអាស៊ានសហរដ្ឋអាមេរិកនេះ គឺជាឱកាសដ៏ល្អសម្រាប់អាស៊ានបន្តធ្វើការងារជាមួយសហរដ្ឋអាមេរិក លើគ្រប់វិស័យ ដែលជាផលប្រយោជន៍របស់តំបន់អាស៊ានផងដែរ៕