ភ្នំពេញ៖ សាកសពទារិកាម្នាក់ត្រូវបានអ្នកថែសួន និងរុក្ខជាតិប្រទះឃើញនៅក្នុងថង់ខ្មៅមួយ ដែលជនមិនស្គាល់អត្តសញ្ញាណយកផ្លុងចោល លើសួនក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៅម៉ោង០៧ និង ៤០នាទី ថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្រោមដើមឈើលើសួនច្បារមិត្តភាពកម្ពុជា-ថៃ ផ្លូវលេខ៦១កែងផ្លូវលេខ៩៦ ភូមិ ទី១ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមការឲ្យដឹងពី ឈ្មោះ លី វណ្ណៈ ភេទប្រុស មុខរបរកម្មករសួនច្បារនិងរុក្ខជាតិ បានអោយដឹងថា: នៅថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង០៧ និង២០នាទី ខ្លួនបានជិះម៉ូតូចេញពីផ្ទះមកធ្វើការសំអាតសួនច្បារ កន្លែងកើតហេតុខាងលើ រហូតដល់ម៉ោង០៧ និង ៤០នាទីក៏បានឃើញស្បោងខ្មៅមួយនៅក្រោមដើមឈើ ដោយមានការសង្ស័យក៏បានបើកមើលឃើញ មានសពទារិកានៅក្នុងថង់ខ្មៅនោះ រួចបានរាយការណ៍ប្រាប់សមត្ថកិច្ច ។
បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងជំនាញខណ្ឌ និងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយការិយាល័យ បច្ចេកទេសវិឡាសាស្ត្រ ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ អង្គភាពការពារកុមារ(CPU) និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច័យ ពិនិត្យសពនិងកន្លែងកើតហេតុ ។
ជាលទ្ធផលតាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេស និង លោក វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន បានបញ្ជាក់ថា កូនកើតមិនគ្រប់ខែ(ស្លាប់ក្រោយសំរាល) ។ ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញបច្ចេកទេស បានប្រគល់សពអោយប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំដើម្បីចាត់ចែងបន្ត ៕