កណ្តាល ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ សូម​ឆ្លើយ​តប​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ សូម​មិន​បញ្ចេញ​ឈ្មោះ​ ដែល​បាន​រាយការណ៍​ក្នុង​ប្រអប់​សារ​ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ មាន​ខ្លឹមសារ​ថា​ «​កូន​របស់​យាយ​ខ្ញុំ​ជា​មនុស្ស​ញៀន​ថ្នាំ​ ហើយ​តែងតែ​រករឿង​ទារ​លុយ​ពី​ម្ដាយ​ចាស់ជរា​ និង​វាយ​បំផ្លាញ​របស់របរ​ក្នុងផ្ទះ​ជា​និច្ច​ ហើយ​គំរាម​សម្លាប់​ជា​ហូរហែ​ ។​ ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃ​ ទី​២៤​ ខែតុលា​ ឆ្នាំ​ ២០២០​ គឺ​គាត់​បាន​គំរាម​ទារ​លុយ​ ហើយ​ខាង​ក្មួយ​បាន​ប្ដឹង​ទៅ​ខាង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ព្រែក​ថ្មី​ និង​ខាង​ជំនាញ​រួច​ហើយ​ តែ​ពេល​គាត់​មក​ពុំ​ចាប់​យក​ទៅ​ទេ​ ទីតាំង​ផ្ទះ​ លោក យាយ​ ខុន​ ខេន​ នៅ​ភូមិ​កំពង់ស្វាយ​លើ​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​» ។

​ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ខាងលើ​ នៅ​វេលា​ម៉ោង​៧ ​និង​ ០០​នាទី​ កម្លាំង​ប៉ុស្ដិ៍​ព្រែក​ថ្មី​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​នគរបាល​យុត្តិធម៌​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​ បាន​ចុះ​ធ្វើ​អន្ដរាគមន៍​លើ​ករណី​ហិង្សា​ក្នុង​គ្រួសារ​ (​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​)​ ដែល​បង្ក​ឡើង​ដោយ​ ឈ្មោះ​ ស៊ុ​ ម៉េ​ង​គ្រី​ ភេទ​ប្រុស​ អាយុ ​៣៤​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ រស់នៅ​ភូមិ​កំពង់ស្វាយ​លើ​ ឃុំ​ព្រែក​ថ្មី​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​ រុះរើ​រោង​បាយ​ក្រោមផ្ទះ​ និង​កាប់​បំផ្លាញ​ជញ្ជាំង​ផ្ទះ​របស់ ​ឈ្មោះ​ ខុន​ ខេន​ ភេទ​ស្រី​ អាយុ​ ៦៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ សញ្ជាតិ​ខ្មែរ​ (​ត្រូវជា​ម្ដាយបង្កើត​)​ រស់នៅ​ផ្ទះ​ ភូមិ​-​ឃុំ​ជាមួយ​គ្នា​ ។​

ពេល​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​រក​ចាប់ខ្លួន​ជន​បង្ក​ តែ​ត្រូវ​បាន​ ឈ្មោះ​ ខុន​ ខេន​ (​ត្រូវជា​ម្ដាយ​ជនសង្ស័យ​)​ បាន​សំណូមពរ​ដល់​សមត្ថកិច្ច​ឱ្យ​ជួយ​អប់រំ​ណែនាំ​ និង​កិច្ចសន្យា​ កូន​របស់​ខ្លួន​ម្ដង​សិន​ បើ​ជនសង្ស័យ​(​ស៊ុ​ ម៉េ​ង​គ្រី​)​ បង្ករឿង​ ឬ​ប្រើ​អំពើ​ហិង្សា​ទៅ​ថ្ងៃក្រោយ​ទៀត​ នឹង​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​ ។​

បន្ទាប់​ពី ​សមត្ថកិច្ច​ធ្វើការ​អប់រំ​ និង​កិច្ចសន្យា​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ថ្មី​ រួច​ត្រឡប់​ទៅ​ដល់​ផ្ទះ​វិញ​ នៅ​រសៀល​ថ្ងៃ​ដដែល​ជន​បង្ក​ខាងលើ​ មិន​ព្រម​រាងចាល​បាន​យក​ភ្លើង​ដុត​ខោ​ចោល​នៅ​ក្រោមផ្ទះ​ និង​យក​កំប៉ុង​ហ្គា​ស​(​គ្មាន​ហ្គា​ស​)​ ចង​ផ្អោប​ទៅ​នឹង​ដបប្រេង​ឆា​(​គ្មាន​ប្រេង​)​ តែ​មានទឹក​នៅ​ក្នុង​ដប​ យក​មក​គម្រាម​ដុត​ផ្ទះ​ ដើម្បី​បំភ័យ​ម្តាយ​ និង​បងប្រុស​ ។​

​ដោយ​ពិនិត្យ​ឃើញ​ជន​បង្ក​ ជា​កូន​ មិន​រាងចាល​ ម្តាយ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ព្រែក​ថ្មី​តែ​ម្តង​។​  បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែក​ថ្មី​ សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក ​ចុះ​ឃាត់ខ្លួន​ជន​បង្ក​ ឈ្មោះ​ (​ស៊ុ​ ម៉េ​ង​គ្រី​)​ រួម​ជាមួយ​វត្ថុ​តាង​ មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ​ កសាង​សំណុំរឿង​ ចាត់ការ​តាម​នីតិវិធី​ ៕