កណ្ដាល៖ ស្រ្តីសង្ស័យជាកម្មការិនីម្នាក់ ត្រូវបាននគរបាលស្រុកខ្សាច់កណ្ដាលឃាត់ខ្លួន យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ករណីឆបោក ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៣ និង ៥៥នាទី ត្រង់ចំណុចផ្សារព្រះប្រសប់ ភូមិ ព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ លី សៀកឡុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់គ្រឿងអលង្ការ មានទីលំនៅភូមិ ព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

ចំណែកជនសង្ស័យ ឈ្មោះ វ៉ិន សុគុណ ភេទស្រី អា យុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅភូមិ ទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យកមាន៖ ប្រាក់ចំនួន៥២០០០០៛ និងលិខិតទទួលបញ្ចាំ( របស់ជនរងគ្រោះ)- បន្តោងខ្សែករូបសិង្ហពណ៌លឿង ចំនួន០១.មានដាំត្បូងពណ៌សច្រើនគ្រាប់(បន្តោងស្ពាន់ស្រោបប្លាទីន របស់ជនសង្ស័យ។

ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុ ថ្ងៃ ទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៣ នឹង ៥៥នាទី ជនសង្ស័យបានយកបន្តោងខ្សែករូបសិង្ហ ចំនួន០១ ធ្វើពីស្ពាន់ស្រោបប្លាទីន មានដាំត្បូងពណ៌ស ទៅដាក់បញ្ចាំឱ្យជនរងគ្រោះ បានប្រាក់ ៥២០០០០៛  ពេលនោះជនរងគ្រោះ បានសួរជនសង្ស័យថា បញ្ចាំយកប្រាក់ធ្វើអ្វី? ជនសង្ស័យឆ្លើយថា យកប្រាក់ព្យាបាលជំងឺប្អូននៅមន្ទីរពេទ្យព្រែកតាមាក់ ហើយជនរងគ្រោះសួរទៀតថា មន្ទីរពេទ្យមួយណា? ជនសង្ស័យឆ្លើយថា មិនស្គាល់ រួចដើរចេញទៅបាត់ ពេលនោះជនរងគ្រោះមានការសង្ស័យ យកបន្តោងខ្សែកនោះ មកដុះមើល ក៏ចេញសាច់ស្ពាន់ទើបដឹងថាចាញ់បោកគេ ហើយប្រើប្អូនឈ្មោះ លី ផល្លា ជិះម៉ូតូតាមរកជនសង្ស័យ បន្ទាប់មក ឈ្មោះ លី ផល្លា ជិះម៉ូតូ មកឃើញជនសង្ស័យ នៅហ្គារ៉ាសសាំងគល់ស្ពានព្រែកតាមាក់  ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រះប្រសប់តែម្ដង។ បន្ទាប់មកកម្លាំងប៉ុស្តិ៍បញ្ជូនជនសង្ស័យ និងដកហូតវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ដើម្បីបន្តអនុវត្តតាមនិតិវិធី៕