ទូរស័ព្ទទៅប្តឹងរឿងចោរលួច លោកមេប៉ុស្តិ៍ឃុំបិតត្រាំងស្ដាប់ច្រឡំ ថាជនរងគ្រោះប្តឹងលោក បែជាប្រើហឹង្សាលើជនរងគ្រោះតែម្តង

442

ខេត្តព្រះសីហនុ ៖ ករណីអំពើហិង្សាមួយ ផ្ដើមចេញដោយការភាន់ច្រឡំ ដែលប្រជាពលរដ្ឋម្នាក់ បានទូរស័ព្ទទៅប្តឹងលោកមេប៉ុស្តិ៍បិតត្រាំង ថាមានករណីចោរលួចសម្ភារៈ ប៉ុន្តែបែជាលោកមេប៉ុស្តិ៍ ស្តាប់ច្រឡំថា ជនរងគ្រោះប្តឹងមេប៉ុស្តិ៍ទៅវិញ នៅពេលជនរងគ្រោះទៅដល់ប៉ុស្តិ៍ ក៏កើតមានអំពើហិង្សា តែម្តង ។

ករណីហិង្សាដោយភាន់ច្រឡំនេះ កើតឡើងនៅម៉ោងជាង៨យប់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅមុខប៉ុស្តិ៍បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
បើតាមហ្វេសប៊ុករបស់ជនរងគ្រោះ ដែលមានឈ្មោះ Pa Rak Sa បានរៀបរាប់ពីដំណើររឿងក្នុងវីដេអូឃ្លីប រួមនិងសរសេរសារយ៉ាងដូច្នេះថា «គ្រាន់តែគាត់ទៅប្តឹងបាត់របស់ មេប៉ូលិសសង្កាត់បិតត្រាំង និងកូនចៅរបស់គាត់ បានព្រួតគ្នាវ៉ៃ គាត់ដល់ថ្នាក់ហ្នឹង» ។
ជនរងគ្រោះក្នុងអំពើហិង្សានេះ មានឈ្មោះ ទឹម ចំរ៉ុង ថ្លែងប្រាប់ថា លោក តាន់ ពិសិដ្ឋ មេប៉ុស្តិ៍បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងកូនចៅដែលជាកម្លាំងប្រជាការពារ ពិតជាបានប្រើអំពើហិង្សា លើលោកប្រាកដមែន ។
ទោះបីយ៉ាងណា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះគ្រាន់តែឃើញគណនេយ្យហ្វេសប៊ុកខាងលើ បង្ហោះភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានដាក់បទបញ្ជាអោយលោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ ចុះទៅស្រាវជ្រាវជាបន្ទាន់ផងដែរ ។
ក្រោយចុះទៅស្រាវជ្រាវ ជាលទ្ធផលបានអោយដឹងថា នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២០និង០៧នាទីឈ្មោះ ទឹម ចំរ៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបើកបរ បានទូរស័ព្ទមកឈ្មោះ តាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង ដោយស្តាប់ទូរស័ព្ទមានការភាន់ច្រឡំគ្នា ធ្វើអោយមានការលើសលួសសម្តីរវាងមេប៉ុស្តិ៍បិតត្រាំង ឈ្មោះ តាន់ ពិសិដ្ឋ និងជនរងគ្រោះ ឈ្មោះទឹម ចំរ៉ុង ក៏មានការប្រតាយប្រតប់គ្នា រហូតមានកម្លាំងប្រជាការពារចំនួន០៤នាក់ មិនចូលហាមឃាត់ បែជាចូលមកវាយទៅលើឈ្មោះ ទឹម ចំរ៉ុង បន្ថែម បណ្តាលឲ្យរងរបួសតែម្តង ។
នៅព្រឹកថ្ងៃទី២៦ តុលា ២០២០នេះ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាម នៅចំពោះមុខលោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយអោយខាងភាគីលោក តាន់ ពិសិដ្ឋ ធ្វើការសុំទោសទៅកាន់លោក ទឹម ចំរ៉ុង ដែលរងបួស ហើយក៏បានធ្វើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ ហើយភាគីទាំង២ សន្យាថា និងមិនប្តឹងផ្តល់ និងស្នើសុំឲ្យប្រធានអង្គភាពធ្វើការអប់រំណែនាំកងកម្លាំង ដែលបានប្រព្រឹត្តខុសឆ្គង ទៅតាមវិន័យកងកម្លាំង ។
សូមបញ្ជាក់ថា ក្រោយពីមានការសម្របសម្រួលគ្នា «សារនិងវីដេអូ» របស់ជនរងគ្រោះ ត្រូវបានលុបចេញពីគណនីហ្វេសប៊ុកឈ្មោះ Pa Rak Sa បាត់អស់ផងដែរ ។
ខាងក្រោមនេះ ជាកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ និងរបាយការណ៍ស្តីពីករណីហិង្សាដោយភ័ន្តច្រឡំ ៖