ខេត្តកំពត : ថ្ងៃចន្ទ ១០កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស . ២៥៦៤ ត្រូវ នឹង ថ្ងៃ ទី២៦ ខែតុលា ឆ្នាំ២០២០ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលខេត្តកំពត បានឃើញគណនីហ្វេសប៊ុកខាងលើនេះ ផ្សព្វផ្សាយថាមានជនមិនស្គាល់មុខ ចូលចាប់ក្មេងស្រីដល់ក្នុងរបងផ្ទះ និងសូមឲ្យសមត្ថកិច្ច ជួយរកផងដូចនេះ លោក ឧត្ដមសេនីយ៍ ទោ ស្នងការបានបញ្ជាដល់កម្លាំងជំនាញ ធ្វើការស្រាវជ្រាវជុំវិញករណីនេះ ភ្លាមៗ ដោយឃើញថាករណីនេះ គឺជា ករណីជម្លោះគ្រួសារមិនមែនជាករណីជនមិនស្គាល់មុខ ចូលមកចាប់កូនដូចដែលគណនីហ្វេសប៊ុកខាងលើផ្សព្វផ្សាយឡើយ ។

សេចក្ដីបំភ្លឺ ព័ត៌មានឆ្លើយតបទៅករណី គណនីហ្វេសប៊ុក Yaya Koko “នាងខ្ញុំបានបាត់កូនស្រី អាយុ  2ឆ្នាំ 5ខែ ដោយមានជនមិនស្គាល់មុខ ចូលចាប់ ដល់ក្នុងរបងផ្ទះ ស្ថិតនៅ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត នៅវេលាម៉ោង 3:50នាទី នៅ ថ្ងៃ ទី26 ខែតុលា ឆ្នាំ2020 សូមសំណូមពរ អោយសមត្ថកិច្ចគ្រប់ស្ថាប័ន ជួយរកអោយនាងខ្ញុំផង រឺ បេីបងប្អូនណាបានឃើញ សូមទំនាក់ទំនងមក លេខ 070477079 នាង ខ្ញុំសូម អរគុណទុកជាមុន “។

អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មាន និងអ្នកប្រើ ប្រាស់បណ្ដាញទំនាក់ទំនងសង្គម មេត្តាទទួលជ្រាប ជាព័ត៌មាន ។