ព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ៍ ទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ បានអញ្ជើញជាកិត្តិយសក្នុងការផ្ដល់សម្ភារៈកសិកម្ម កូនមាន់ កូនត្រី និងចំណី ដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ អាជីវកម្មចិញ្ចឹមត្រី មកពី ៤ឃុំ សរុបចំនួន ១១៦នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការ ចូលរួមពីអាជ្ញាធរស្រុកព្រៃនប់ ប្រធាន មន្ទីរអង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋបណ្តុំអាជីវកម្មចិញ្ចឹមមាន់ ចិញ្ចឹមត្រី។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរាយការណ៍ថាអនុកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុហៅកាត់ថា “ASPIRE” ជាកម្មវិធីរបស់រាជរដ្ឋាភិបាល ដឹកនាំដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ថ្ងៃនេះយើងរៀបចំផ្តល់កូនមាន់ កូនត្រី ចំណី និងសម្ភារៈសម្រាប់គាំទ្រដល់បណ្ដុំអាជីវកម្មចិញ្ចឹមមាន់និងចិញ្ចឹមត្រីនៃកម្មវិធី ASPIRE នៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់។ នៅឆ្នាំ២០២០ នេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានអនុវត្តកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការប្រែប្រួលអាកាសធាតុក្នុងស្រុកគោលដៅចំនួន៣ ដែលមាន ១៥ឃុំ និងបន្តផ្តល់សម្ភារៈកូនមាន់ កូនត្រី និងចំណីដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ចំនួន ៥៩គ្រួសារ និងសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រីចំនួន ៥៧ ស្មើនឹង១១៦ គ្រួសារ ដែលមកពីឃុំចំនួន៤ ក្នុងស្រុកព្រៃនប់ មានឃុំសាមគ្គី ឃុំទឹកល្អក់ ឃុំទឹកថ្លា និងឃុំសំរុង មានកូនមាន់អាយុ២១ ថ្ងៃចំនួន ១,១៨០ក្បាល មានទ្រុងចំនួន ៥៩ ស្នូកទឹក៥៩ ស្នូកចំណី៥៩ និងចំណីកូន មាន់ ៥៩០គីឡូក្រាម និងកូនត្រីចំនួន ២៩,៧០០ក្បាល និងចំណីត្រី ១,៤២៥ គីឡូក្រាម ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានកោតសរសើរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ដែលបានអនុវត្តកម្មវិធី ASPIRE និងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ និងបានផ្តល់កូនមាន់ កូនត្រី និងចំណីដល់ប្រជាកសិករ សមស្របតាម កាលទេស:នៅកម្ពុជា និងពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ ។
ឯកឧត្តម អភិបាលខេត្តបន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យនាវា WESTERDAM ចូលចតកំពង់ផែខេត្តព្រះសីហនុ ខណៈដែលប្រទេសជាច្រើន មិនអនុញ្ញាតឱ្យនាវានេះចូលចត ដោយសារជំងឺកូវីដ-១៩ ដើម្បីជួយសង្គ្រោះជីវិតភ្ញៀវអន្តរជាតិជាតិនៅលើនាវា ហើយពួកគាត់បានវិលត្រឡប់ទៅកាន់ប្រទេសកំណើតរៀងៗខ្លួន។ កម្ពុជា ជាប្រទេសកសិកម្ម មានលទ្ធភាពផលិត ចិញ្ចឹមប្រជាពលរដ្ឋ និងធ្វើការនាំចេញទៅប្រទេសដែលមាន ការខ្វះខាតស្បៀង។
ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលបានដោះ ស្រាយថវិកាជូនកម្មកររងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ ឱ្យពួកគាត់ងាកមកប្រកបការងារកសិកម្ម និងជួយដោះ ស្រាយជីវភាពក្នុងគ្រួសារ។ ការចែកកូន មាន់ កូនត្រី និងចំណីនាពេលនេះ បានផ្តល់អត្ថប្រយោជន៍ជូនប្រជាពលរដ្ឋស្របតាមកម្មវិធី ASPIRE និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋចូលរួមចិញ្ចឹមមាន់ ត្រី ជាបណ្តុំអាជីវកម្ម មានសក្តានុពលគ្រប់ក្រុមគ្រួសារ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងក្លាយជាទីផ្សារផ្គត់ផ្គង់មាន់ ត្រីផងដែរ។
ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការណែនាំឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បន្តចុះអប់រំ ផ្សព្វផ្សាយណែនាំអំពីរបៀបថែទាំ ផ្តល់ចំណីឱ្យបានល្អ ទទួលបានអត្ថប្រយោជន៍ដល់កសិករនៅតាមសហគមន៍ក្នុងខេត្តព្រះសីហនុបន្តទៀត។ ក្នុងឱកាសនោះ ឯកឧត្តមគួច ចំរើន ក៏បានអញ្ជើញទៅពិនិត្យដំណាំស្រូវ និងអាងចិញ្ចឹម ត្រីអណ្តែងរបស់កសិករនៅភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ផងដែរ៕