ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ រួមដំណើរដោយលោក សរ កក្កដា ប្រធានអនុសាខាកាកបាទក្រហមស្រុកព្រៃនប់ មន្រ្តីសាខា អនុសាខា នាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហម ចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយអគ្គីភ័យ ចំនួន ២គ្រួសារ រស់នៅភូមិបឹងវែង ឃុំវាលរេញ ០១គ្រួសារ និងរស់នៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ០១គ្រួសារ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ឯកឧត្តម គួច ចំរើន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកអាណិអាសូរពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ នៅទូទាំងប្រទេសដោយមិនមានការរើសអើង ប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយ។
ឯកឧត្តម ក៏បានមានប្រសាសន៍បញ្ជាក់ថា “ទោះបីចម្ងាយផ្លូវឆ្ងាយ និងលំបាកយ៉ាងណាក្តី ដាច់ខាតត្រូវទៅឲ្យដល់ ដើម្បីដឹងច្បាស់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការលំបាក”។ ជាមួយគ្នានេះ ឯកឧត្ដម ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋត្រូវមានការប្រុង ប្រយ័ត្នខ្ពស់ចំពោះអគ្គីភ័យ ខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះធម្មជាតិនានា។ ក្នុងនោះចូលរួមកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ លើកកម្ពស់ការផ្លាស់ប្ដូរទំលាប់ធ្វើអនាម័យទប់ស្កាត់ការចម្លងក្នុងសហគមន៍ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លាងសំអាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ អាល់កុល ឬជែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឱ្យបានជាប់ជានិច្ច អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។
សម្ភារ:ដែលផ្តល់ជូនគ្រួសាររងគ្រោះដោយអគ្គីភ័យទទួលបាន៖ អង្ករ ៥០គីឡូក្រាម មី ២កេស ត្រីខ ១យួ ទឹកស៊ីអ៊ីវ ១យួ ទឹកស៊ុទ្ធ ១កេស អាវ ០៥អាវ កន្ទេល ០១ តង់ ០១ សាប៊ូ ២ដប ថ្នាំដុសធ្មេញ ២ដបតូច ច្រាសដុសធ្មេញ ២ដើម ឃីតមួយកញ្ចប់ (ក្រម៉ា១ សារ៉ុង១ មុង១ និងភួយ១) និងថវិកា ២លានរៀល ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត បានផ្តល់ថវិកាបន្ថែមជូនលោកយាយចំនួន ២លានរៀលថែមទៀតដើម្បីសាងសង់ផ្ទះឡើងវិញ៕