ខេត្តស្ទឹងត្រែង៖ កូនផ្សោតកើតថ្មីមួយក្បាល ត្រូវបានប្រទះឃើញកាលពីថ្ងៃទី២០ ខែ​វិច្ឆិកា ឆ្នាំ​​២០១៩ នៅវេលាម៉ោងប្រមាណជា ៨:៣០ នាទីព្រឹក ស្ថិតក្នុងអន្លង់សត្វផ្សោតត្បូងខ្លា ​ក្នុងភូមិ​កោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមការងារផ្នែកស្រាវជ្រាវនៃអង្គការ WWF ដែលបានធ្វើសរសេរនៅក្នុងហ្វេសប៊ុកផេករបស់ខ្លួនផ្ទាល់។ នេះជារឿងមួយគួរឲ្យត្រេកអរ សម្រាប់សត្វផ្សោតនៅក្នុងខេត្តក្រចេះដែលជាប្រភេទសត្វដ៏កម្រមួយ និងជិតផុតពូជផងដែរ ។

ក្រុមការងារផ្នែកស្រាវជ្រាវនៃអង្គការ WWF និង​រដ្ឋ​បាល​ជល​ផល​ខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង​ បានឲ្យដឹងថា ខណៈ​ពេល​ចុះ​ពិនិត្យ​ ក្រុម​ការ​ងារ​ស្រាវ​ជ្រាវ ​ពិត​ជា​បានប្រទះឃើញកូនផ្សោតកើតថ្មីនោះ ​ហើយ​​ក្រុមការងារក៏បានធ្វើការអង្កេត និងថតរូបកូនផ្សោត ​ និងមេរបស់វា។ កូន​ផ្សោតកើត​​ថ្មី​នោះ​ មាន​អាយុ​ប្រហែល​ជា​ប្រាំ​ថ្ងៃ​ ហើយ​នៅ​ក្នុង​ហ្វូង​សត្វ​ផ្សោត​ធំ​ចំនួន​ប្រមាណ​ជាប្រាំ​មួយ​ក្បាល​។

សូមបញ្ជាក់ថា៖ កូនផ្សោតដែលបានប្រទះឃើញថ្មីនេះ គឺជាកូនផ្សោតទីដប់ពីរហើយ ដែលបានកត់ត្រាថា បានកើតនៅក្នុងឆ្នាំ២០១៩ ចាប់ពីខែមករា​ រហូតដល់ខែវិច្ឆិកានេះ ដោយក្នុងនោះកូនផ្សោតចំនួនប្រាំមួយក្បាល ត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តស្ទឹងត្រែង និងកូនផ្សោតចំនួនប្រាំមួយក្បាលទៀតត្រូវបានកត់ត្រាថាបានកើតនៅក្នុងខេត្តក្រចេះ ៕