ភ្នំពេញ៖ គួរអោយសង្វេកជាពន់ពេក សពទារកម្នាក់ ពុំស្គាល់អត្តសញ្ញាណត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នៅក្នុងកេសក្រដាស នៅព្រឹកថ្ងៃ ទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំនុចលើចិញ្ចើមផ្លូវជាប់របងវិឡាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ផ្លូវលេខ៧៤ ភូមិទី១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា តាមការបញ្ជាក់របស់ឈ្មោះ គង់ រដ្ឋា ភេទស្រី ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ១១៦B3 ផ្លូវ១៣០ ភូមិ១ សង្កាត់ផ្សារកណ្ដាលទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានបំភ្លឺថានៅថ្ងៃ ទី១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១០ នឹង ៣០នាទី នាងខ្ញុំបានឃើញរថយន្តមួយគ្រឿង(មិនស្គាល់ម៉ាក និងមិនច្បាស់ពណ៌)ឈប់នៅចំនុចកើតហេតុខាងលើ ដោយមានមនុស្សដើរចុះឡើង ពេលរថយន្តចេញទៅបានមួយសន្ទុះ ស្រាប់តែឃើញកេសក្រដាសរាងបួនជ្រុង ហើយឃើញក្មេងៗដើរកាត់យកជើងទាត់រួចនាំគ្នាដើរហួស ដោយមិនអស់ចិត្តនាងខ្ញុំ និងអ្នកបោសសំរាមទៅបើកកេសក្រដាសនឹងមើលក៏ឃើញ សពកូនក្មេងទើបនឹងកើតរុំនិងក្រមារពណ៌ក្រហម នៅក្នុងកេសនោះ រួចខ្ញុំបានរាយការណ៍ប្រាប់សមត្ថកិច្ច។

បន្ទាប់ពីទទួលបានព័ត៌មានភា្លមកម្លាំងជំនាញខណ្ឌ នឹងប៉ុស្តិ៍បានចុះដល់ និងគ្រប់គ្រងកន្លែងកើតហេតុ ហើយរាយការណ៍ជូនព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងបានសហការជាមួយការិយាល័យបច្ចេកទេសវិឡាសាស្រ្ត ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ អង្គភាពការពារកុមារ(CPU) និងពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបង្កើត គណៈកម្មការធ្វើកោសល្យវិច្ច័យ ពិនិត្យសពនិងកន្លែងកើតហេតុ។

តាមការពិនិត្យការិយាល័យ ជំនាញបច្ចេកទេស និងលោកឧញ្ញ៉ាវេជ្ជបណ្ឌិតនង សុវណ្ណរ័ត្ន បានបញ្ជាក់ថា ស្លាប់ដោយអត់អាហារ។ ក្រោយពីបញ្ចប់ការពិនិត្យ ខាងជំនាញ បច្ចេកទេស បានប្រគល់សពអោយប៉ុស្ដិ៍នគរបាលរដ្ឋបាលវត្តភ្នំដើម្បីចាត់ចែងបន្ត ៕