បន្ទាយមានជ័យ៖ មេភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក បានស្លាប់និងប្រពន្ធរបួសធ្ងន់ ខណៈពេលដែលជិះម៉ូតូឌុបគ្នា ទៅបុកឆ្កែឆ្លងថ្នល់ជាតិ។ ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៦ នឹង ៣០នាទី ព្រឹកថ្ងៃ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ លើផ្លូវជាតិលេខ៥៦A នៅខាងត្បូងសាលាបឋមសិក្សាតាម៉ា ភូមិតាម៉ា សង្កាត់ម្នាក់ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក វរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណបានប្រាប់ឲ្យដឹងថា ជនរងគ្រោះជាមេភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក មានឈ្មោះ ឡែ ចយ ភេទប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិឯកភាព ឃុំគំរូ ស្រុកថ្នពួក ខេត្តបន្ទាយមានជ័យ ឯប្រពន្ធមានឈ្មោះ មាស នី អាយុ ៥១ឆ្នាំ រងរបួសធ្ងន់ត្រង់ដៃ និងក្បាល ត្រូវបានបញ្ជូនទៅសម្រាកព្យបាលនៅគ្លីនិចនាគព័ន្ធ ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ។

លោក អធិការវរសេនីយ៍ឯកស៊ី ឌី បានបញ្ជាក់ឲ្យដឹងទៀតថា៖នៅមុនពេលកើតហេតុជនរងគ្រោះ បានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពាក់ស្លាកលេខប.មានជ័យ១B-១៦២២ ជិៈឌុបគ្នា ពីជើងទៅត្បូងទៅទិញនំ ផ្លែឈើនៅផ្សារក្រុងសិរីសោភ័ណ ដើម្បីយកទៅលក់ក្នុងសាលារៀនវិទ្យាល័យថ្មពួក ពេលបើកម៉ូតូដល់ចំណុចកើតហេតុមានសត្វឆ្កែ ០១ក្បាល រត់កាត់ផ្លូវស្របពេលនោះ ម៉ូតូបានបុកឆ្កែរួចម៉ូតូបានជ្រុលចង្កូតទៅបុកដើមអំពិលទឹកក្បែរថ្នល់ពេញទំហឹង បណ្តាលឲ្យប្តីស្លាប់ និងប្រពន្ធរងរបួសធ្ងន់ បាក់កដៃខាងឆ្វេងនិងក្បាល។

ក្រោយពីកើតហេតុជនរងគ្រោះ ជាប្តីត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពម្កាក់ និងបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ តែមិនអាចជួយបានដោយករណីរបួសធ្ងន់ធ្ងរ ក៏បានបាត់បង់ជីវិត ចំណែកឯប្រពន្ធកំពុងសម្រាកព្យាបាល។ ចំណែកម៉ូតូ ត្រូវបានប្រជាពលរដ្ឋ លើកយកចេញពីកន្លែងកើតហេតុ ក្រោយមកកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាល សង្កាត់ម្កាក់បានយកមករក្សាទុកបណ្តោះអាសន្ន ចាំប្រគល់ឲ្យក្រុមគ្រួសារមកទទួលយក៕