ក្រុងព្រះសីហនុ៖ នៅល្ងាច ថ្ងៃទី០២ ខែតុលា ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ប្រាប់ឱ្យដឹងថា កាលពីទៀបភ្លឺថ្ងៃ ទី២៩ ខែតុលា ឆ្នាំ២០២០ ប្រជាពលរដ្ឋបានប្តឹងរាយការណ៍តាមរយៈប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ (Hotline) របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ថានៅចំណុចបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ មានករណី ជនជាតិចិនចិនវាយគ្នា និងមានការផ្ទុះអាវុធ ០១គ្រាប់ផងដែរ។ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញផែនការការនគរបាលព្រហ្មទណ្ឌ បានចុះទៅដល់កន្លែងកើតហេតុបានធ្វើការស្រាវជ្រាវ និងសាកសួរពត៌មាននៅជុំវិញកន្លែងកើតហេតុ ទើបដឹងថា ក្នុងករណីនេះ មានជនរងគ្រោះ ២នាក់ គឺ១-ឈ្មោះ Li Hai Yang ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) មានស្រុកកំណើតខេត្តហ៊ឺណាន មុខរបរម៉ៅការសំណង់ រងរបួសស្រាល។ និង ២-ឈ្មោះ SONG WEN LONG ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) មានស្រុកកំណើតខេត្តអ៊ូណាន រងរបួសធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យចិនថៃខាង ទើបកម្លាំងសមត្ថកិច្ច បានទៅស្វែងរកជនរងគ្រោះទាំង ០២នាក់ បន្ទាប់ពីធ្វើការសាកសួរលំអិតអំពីហេតុការរួចមក កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវរហូតតាមចាប់ឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ៤នាក់ ជាបន្តបន្ទាប់ ដែលមានឈ្មោះ ១.JIANG NAN ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន ជាថៅកែក្រុមហ៊ុនវ័នធុងលិយូវកុងស៊ឺ ស្នាក់នៅបុរីគុជអាស៊ី ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។ ២-ឈ្មោះ RAN SHUBING ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិចិន មុខរបរ អ្នកគ្រប់គ្រងក្លឹបកំសាន្ត កាសា២ ស្នាក់នៅ ខេត្តព្រះសីហនុ។ ៣-ឈ្មោះ LI XIN ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិចិន មុខរបរ អង្គរក្សថៅកែក្លឹបកំសាន្ត កាសា២ ស្នាក់នៅ ខេត្តព្រះសីហនុ។ (ជនដៃដល់ និងជាអ្នកដែលមានអាវុធខ្លី) និង៤.WANG YAWEI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីលំនៅមិនពិតប្រាកដ។ វត្ថុតាងចាប់យកបាន៖ -អាវុធខ្លី ០១ដើម ម៉ាក GLOCK 19 ពណ៌ទឹកប្រាក់-ខ្មៅ (គ្មានលេខសម្គាល់) -បង់កាំភ្លើង ០១ -គ្រាប់ ៩mm ចំនួន ១៦គ្រាប់ -ស៊ីឡង់ ០១ដើម (ឧបករណ៍សម្រាប់តកាណុងកាំភ្លើងមិនឲ្យឮសម្លេង) -រថយន្ត ០៣គ្រឿង៖ ១-ម៉ាក ព្រូស ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2BF-6807។ ២-ម៉ាក TUNDRA ពណ៌ប្រផេះ ស្លាកលេខៈ ភ្នំពេញ 2AE-2004។ ៣-ម៉ាក ហាយលែនឌឺ ពណ៌ស ស្លាកលេខៈ ភ្នំពេញ 2AK-5931។ ករណីនេះកើតឡើងដោយសារ នៅថ្ងៃកើតហេតុ ជនរងគ្រោះបានទៅទារប្រាក់ពីជនសង្ស័យ ហើយក៏មានការទាស់ពាក្យសម្តីគ្នារហូតឈានដល់ការប្រើប្រាស់ហិង្សាតែម្តង ហើយក្នុងខណៈពេលដែលកំពុងប្រតាយប្រតប់គ្នា ជនសង្ស័យឈ្មោះ LI XIN មានអាវុធខ្លីជាប់ខ្លួនក៏បានដកមកគំរាម ហើយជនរងគ្រោះបានមកប្រតាយប្រតប់ទៀត ទើបបណ្តាលឲ្យរាលកៃកាំភ្លើងផ្ទុះចំនួន ០១គ្រាប់។
ចំពោះ (ការផ្ទុះអាវុធ និងចាក់ ៤កាំបិត) ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់រក្សាទុកប្រើប្រាស់អាវុធដោយខុសច្បាប់នេះ ការិយាល័យជំនាញកំពុងបន្តនីតិវិធី។