ខេត្តបន្ទាយមានជ័យ ៖ នគរបាលចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅជុំវិញផ្សារអគ្គថ្មី និងតាមដងផ្លូវបេតុងខាងកើតផ្សារត្រីក្រុងប៉ោយប៉ែត ជាញឹកញាប់ណាស់ តែវិធានក្តៅ ពីអាជ្ញាធរនៅមិនទាន់មាន ដែលធ្វើឲ្យសកម្មភាពនេះ ហាក់ដូចជាវេចចក គ្មានប្រសិទ្ធភាពឡើយ។
លោកវរសេនីយ៍ទោ ឈឿន ប៊ុនថា អធិការរងទទួលផ្នែកចរាចរណ៍ បានទទួលបញ្ជាពីលោកវរសេនីយ៍ឯក ធិន ស៊ីនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ចុះរៀបចំតាមបណ្តាតូបដែលមានលក់សម្ភារប្រើប្រាស់ តូបលក់ផ្លែឈើ បន្លែ ត្រីសាច់ រួមទាំងរទេះលក់សាច់មាន់ សាច់គោ សាច់ជ្រូក និងអាជីវករដាក់លក់លើផ្លូវតាមកញ្ចែងល្អី ហើយអ្នកទិញក៏ឈប់ទិញនៅលើផ្លូវ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ។
លោកបានបន្តទៀតថា អាជីវករត្រូវបញ្ឈប់ការដាក់តាំងលក់ ទំនិញ បន្ថែត្រីសាច់របស់ខ្លួននៅលើផ្លូវ ធ្វើឲ្យមានការស្មុកស្មាញ ដោយគ្មានសណ្តាប់ធ្នាប់ ដើម្បីបញ្ជៀស នៃការកកស្ទះ ចរាចរណ៍ ដែលអាចបង្ក ឱ្យមានហានិភ័យផ្សេងៗកើតឡើង ជាយថាហេតុ និងមានការរិៈគន់ពីសំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវផងដែរ។
លោកបញ្ជាក់ថា ការអនុវត្តពន្យល់អប់រំណែនាំនេះ ឃើញថា បានធ្វើជាច្រើនដងមកហើយ តែមិនមានប្រសិទ្ធភាព គឺដូចវេចចក បើចង់ឲ្យមានប្រសិទ្ធិភាពនោះ លុះត្រាតែមានការចូលរួមពីរដ្ឋបាលក្រុងប៉ោយប៉ែត ដាក់វិធានការក្តៅឲ្យបានច្បាស់លាស់ គឺចាប់ផាកវិន័យ៕