ខេត្តបន្ទាយមានជ័យ៖ ថ្លែងក្នុងពិធីសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ និងបញ្ជូនផលិតសក្តានុពលកម្ពុជា សំរាប់ទីផ្សារក្នុងស្រុក និងកៅប្រទេស នៅសាលប្រជុំធំសាលាខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ ២០២០ លោក អ៊ូច សាវិន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានជំរុញឲ្យពាណិជ្ជករ ផលិតករ និងសិប្បករ បង្កើនគុណភាពផលិតផលរបស់ខ្លួន ដើម្បីឲ្យមានស្តង់ដារដាក់លក់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស។
លោក អ៊ូច សាវិន ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ថ្លែងថា យុទ្ធសាស្ត្រដែលជំរុញផលិតផលចូលទីផ្សារ ផ្អែកលើបច្ចេកទេសផលិត គុណភាព តម្លៃ សមត្ថភាពផលិត/បរិមាណ វេច និងរចនាម៉ូត សុវត្ថភាពផលិតផល លេខបាកូដសម្គាល់ ម៉ាកយីហោ ថ្ងៃផលិតនិងផុតកំណត់ សេវាកម្ម និងការផ្សព្វផ្សាយ តាមទូរទស្សន៍ និងបញ្ហាញសង្គមជាច្រើនទៀត។ ផលិតករត្រូវតែបង្កើនគុណភាព ផលិតផលរបស់ខ្លួន ដើម្បីឲ្យផលិតផល និងទំនិញអាចនាំចេញទៅក្រៅប្រទេសបាន។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ផ្តាំផ្ញើថា អាជីវករ ពាណិជ្ជករ និងសិប្បករទាំងអស់ ត្រូវគោរពក្រមសីលធម៍របស់ខ្លួន ហាមបង្អាប់ផលិតផលអ្នកដទៃ ដើម្បីលើកតំកើងផលិតខ្លួនឯង ផ្ទុយ ទៅវិញ ត្រូវសហការជាមួយមន្ត្រីជំនាញដើម្បីប្រឆាំងទប់ស្កាត់ នូវផលិតផលក្លែងក្លាយ ដែលនាំឲ្យខូចសុខភាពអ្នកប្រើប្រាស់ និងជាឧបសគ្គដែលធ្វើឲ្យ ខូចឈ្មោះផលិតផលយើង នៅលើទីផ្សារ ក្នុងនិងក្រៅប្រទេស។
នៅក្នុងសិក្ខាសិលានេះ សិក្ខាកាមក៏បានទទួលការពន្យល់បង្ហាញអំពីយុទ្ធសាស្ត្រ រកទីផ្សារជាច្រើន ពីវាគ្មិន ដើម្បីជំរុញឲ្យផលិតផល និងទំនិញ អាចជ្រៀតចូលទីផ្សារក្នុង និងក្រៅប្រទេសផងដែរ៕

សៅ នៅ