នៅព្រឹកថ្ងៃពុធ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានប្រជុំសាមញ្ញលើកទី១៧ នៃអាណត្តិទី៣ដើម្បីពិនិត្យពិភាក្សា និងអនុមត័លើការងារមួយចំនួនរបស់រដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតី ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។

ថ្លែងនៅចំពោះមុខសមាជិកនៃអង្គប្រជុំ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត បានសំដែងការគាំទ្រនិង អរគុណ ចំពោះគណៈអភិបាលខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងសព្វបែបយ៉ាង ដើម្បីជាប្រយោជន៍ប្រជាជន និងបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាជនបានច្រើន ព្រមទាំងបានគិតគូរអំពីគម្រោងអភិវឌ្ឍនានា នៅក្នុងខេត្តព្រះសីហនុ ដើម្បីជាប្រយោជន៍សាធារណៈ។ ប៉ុន្តែទន្ទឹមនោះឯកឧត្តមប្រធានក្រុម្រឹក្សាខេត្ត ក៏បានក្រើនរំលឹកជាថ្មីទៀតដល់មន្ត្រីបម្រើសេវាសាធារណៈទាំងអស់ត្រូវចេះស្តាប់កង្វល់ សំណូមពររបស់ប្រជាជន និងត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាជនប្រកបដោយការទទួលខុសត្រូវ។ ឯកឧត្តម ជាម ហ៊ីម គូសបញ្ជាក់ថា ចំពោះចំណុចខ្វះខាតមួយចំនួនត្រូវកែលម្អឡើងវិញអោយបានល្អ ធ្វើយ៉ាងណាអោយប្រជាជនអាចទទួលយកបាន។បើសិនណាមានការខ្វះចន្លោះឬយឺតយ៉ាវការបម្រើសេវាផ្សេងៗ មន្ត្រីត្រូវចេះសុំការអធ្យាស្រ័យពីប្រជាជនជាម្ចាស់សំណើនិងត្រូវចេះពន្យល់ពលរដ្ឋអោយបានគាត់បានយល់ ចៀសវាងធ្វើអោយមានការយល់ច្រឡំដែលអាចនាំអោយមានបញ្ហាស្មុគស្មាញនិងបាត់ទំនុកចិត្តពីប្រជាជន។

សូមបញ្ចាក់ជូនថា របៀបវារៈសំខាន់ៗមួយចំនួនត្រូវបានលើកយកមកពិនិត្យ និងពិភាក្សាក្នុងកិច្ចប្រជុំនេះដែរ

ដូចជា៖

-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៦ របស់ក្រុមប្រឹក្សាខេត្ត។

-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែតុលា ឆ្នាំ២០២០ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។

-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសាលាខេត្ត។

-ពិនិត្យ និងអនុម័តលើ  -ប្លង់ហេដ្ឋារចនាសម្ព័នឃុំបិតត្រាំង ស្រុកព្រៃនប់ សង្កាត់លេខ១ ក្រុងព្រះសីហនុ -ប្លង់ផ្លូវវាងពយតាម៉ូង -ប្លង់បន្ទប់ទឹកសាធារណ:តាមបណ្តោយឆ្នេរសមុទ្រទាំង៣គំរូ -ប្លង់ចំណតឡានឆ្នេរអូរឈើទាល ។

-ពិនិត្យនិងអនុម័តលើសេចក្តីព្រាងឯកសារសម្រាប់រៀបចំវេទិកផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៣ ឆ្នាំ២០២០។

-ពិនិត្យរបាយការណ៍របស់គណ:កម្មការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុផងដែរ៕