កំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈបើកម៉ូតូវ៉ាជែងរថយន្តមិនផុត ជ្រុលបុកជាមួយម៉ូតូ ១គ្រឿងទៀត ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា ។ ករណីនេះ កើតឡើងនៅព្រឹកថ្ងៃ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០៥ និង៥០នាទី នៅលើកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិសន្ទូច ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សេចក្តីរាយការណ៍ថា មុនពេលកើតហេតុឈ្មោះ ឌួង សុខា ភេទប្រុស អាយុ ៥៤ឆ្នាំ រស់នៅភូមិត្រោកកើត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បើកម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ឆ្នាំង 1H-5562 ក្នុងទិសដៅពីកើតទៅលិច ពេលដល់ចំណុចខាងលើ បានឡើងវ៉ាជែងរថយន្ត០១គ្រឿង ហើយជ្រុលទៅបុកម៉ូតូ ០១គ្រឿងទៀត ម៉ាក់HONDA C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ឆ្នាំង 1J-4118 បើកបរដោយឈ្មោះ សេង ភារៈ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិស្មែត ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងដំណើរច្រាសទិសគ្នា ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលអោយស្លាប់មនុស្ស០១នាក់ របួសស្រាល ០១នាក់ និងខូចម៉ូតូ០២គ្រឿង ។
ករណីនេះ សមត្ថកិច្ចបានធ្វើការការពារកន្លែងកើតហេតុ ប្រមូលវត្ថុតាង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរ និងបានប្រគល់សាកសពទៅក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ឯជនរងគ្រោះត្រូវបានបញ្ជូន ទៅមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ៕