(បាត់ដំបង)៖ នៅថ្ងៃ ទី៥ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅចំណុចអន្លង់ត្រាំងស្ថិតក្នុងក្រុមទី១១ ភូមិស្រែស្តៅ ឃុំមានជយ័ ស្រុកសំឡូត ខេត្តបាត់ដំបង មានការភ្ញាក់ផ្អើលមួយដោយសារបុរសជាឳពុក និងកូនប្រុសម្នាក់ បានលង់ទឹកស្លាប់ក្នុងពេលដែលអ្នកទាំងពីរ ចុះទៅដោះមងក្នុងទឹកជម្រៅស្ថិតក្នុងទីតំាងខាងលើ ដែលពួកគាត់បានដាក់កាលពីយប់ ។
លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូតបានឱ្យដឹងថា ជាទម្លាប់ដូចរាល់ថ្ងៃ បុរសជាឳពុកឈ្មោះ ស៊ី សំអូន អាយុ ៥៨ឆ្នាំ រស់នៅក្រុមទី៩ភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត និងកូនប្រុសរបស់គាត់ឈ្មោះ ស៊ី សុភាបុត្រ អាយុ ១៤ឆ្នាំ តែងតែយកមងទៅដាក់ចាបត្រីនៅក្នុងទឹកនោះ នាពេលល្ងាច ហើយពេលព្រឹកព្រលឹម ទាំងពីរនាក់ឳពុកនិងកូនបានចេញពីផ្ទះទៅដោះមង ដែលដាក់ពីល្ងាច ក៏ប៉ុន្តែនៅព្រឹកថ្ងៃទី៥ ខែ វិច្ឆិកាឆ្នាំ ២០២០ នេះទាំងពីរនាក់ឳពុកនិងកូនចេញពីផ្ទះទៅដោះមងជាធម្មតា តែដោយសារលើកនេះចេញទៅបាត់យូរ មិនឃើញវិលត្រឡប់មកលំនៅដ្ឋានវិញ ទើបប្រពន្ធរបស់គាត់ឈ្មោះ សេង សុភា អាយុ ៥២ឆ្នាំកើតការសង័្សយក៏តាមទៅរកនៅចំណុចអន្លង់ត្រាំងនោះ តែមិនបានឃើញមនុស្សនោះទេ គឺឃើញតែម៉ូតូនិងសម្លៀកបំពាក់នៅទីនោះ បន្ទាប់មកគាត់បានប្តឹងមកសមត្ថកិច្ចនគរបាលស្រុកសំឡូត ឱ្យដឹងអំពីរឿងនេះ ហើយលោកអធិការនគរបាលស្រុក បានចាត់តាំងកម្លាំងទៅដល់ចំណុចនោះចុះក្នុងទឹករាវរក ទើបបានប្រទះឃើញបុរសជាឳពុក និងកូនបានស្លាប់បាត់បង់ជីវិត នៅក្នុងទឹកនោះបាត់ទៅហើយ ។
លោក អធិការបានឱ្យដឹងទៀតថា ចំពោះការស្លាប់របស់ឳពុកនិងកូននេះ មិនមានអ្នកណាម្នាក់បានឃើញនោះទេ ហើយនៅពេលស្រង់សាកសពចេញពីក្នុងទឹកមកលើគោកការពិនិត្យ លើរាងកាយសាកសព ហាក់មិនមានស្លាកស្នាមឬស្ថានភាពណាផ្សេងគួរឱ្យកត់សម្គាល់នោះទេ លោកអធិការបានសន្និងដ្ឋានថា ករណីនេះទំនងជាមានម្នាក់ក្នុងចំណោមពីរនាក់ឳពុក និងកូនដើរសារមងហើយធ្លាក់ទៅដល់ទឹកជ្រៅលង់ទើប មានម្នាក់ទៀតចុះទៅជួយក៏លង់ទឹកស្លាប់ទាំងពីរនាក់ទៅ ។ ក្រោយការពិនិត្យសាកសពរួច សមត្ថកិច្ចនគរបាលស្រុកបានប្រគល់ទៅឱ្យក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណីហើយ៕