(ឧត្តរមានជ័យ)៖  នាល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ យ៉ាងហោចណាស់មានមន្រ្តីនគរបាល៣នាក់ នៅប៉ុស្តិ៍នគរបាលចុងព្រិច នៃវរៈនគរបាលការពារព្រំដែនគោកលេខ៩០៥ ក្នុងខេត្តឧត្តរមានជ័យ បានស្លាប់ភ្លាមៗ ក្រោយផ្ទុះអាវុធមួយប្រាវ ។

នគរបាលដែលបានស្លាប់៣នាក់នេះ រួមមានទី១៖ អនុសេនីយ៍ឯក អុំ ឈយ ជានាយរងប៉ុស្តិ៍ចុងព្រិច ទី២៖ អនុសេនីយ៍ឯក ហ៊ុន ប៊ី ជានាយប៉ុស្តិ៍ចុងព្រិច និងអនុសេនីយ៍ឯក ស្រេង រាសី ជានាយផ្នែកស៊ើបការ។

ករណីនេះ លោកអនុសេនីយ៍ឯក អុំ ឈយ ដែលនាយរងប៉ុស្តិចុងព្រិច បានយកអាវុធប្រភេទ Ak 47 បាញ់ទៅលើ លោកអនុសេនីយ៍ឯក ហ៊ុន ប៊ី ដែលជា នាយប៉ុស្តិ៍ចុងព្រិច និង អនុសេនីយ៍ឯក ស្រេង រាសី នាយផ្នែកស៊ើបការ បណ្តាលឱ្យស្លាប់ភ្លាមៗ នៅចំណុចលើផ្លូវយុទ្ធសាស្ត្រក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។

ហើយជនបង្ក គឺលោកអនុសេនីយ៍ឯក អុំ ឈយ បានធ្វើអត្តឃាតដោយបាញ់សម្លាប់ខ្លួនឯងស្លាប់នៅហ្នឹងកន្លែងតាមក្រោយតែម្តង។

ករណីនេះ មិនមែនផ្តើមចេញពីរឿងគំនុំនោះឡើយ ហើយជនដៃដល់ធ្លាប់បានសុំទៅមើលជំងឺសរសៃប្រសាទ កាលពីពេលកន្លងទៅ មុនសុំមកបម្រើការងារវិញ៕