នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រុម NACC Team Against Covide-19 របស់សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានចុះធ្វេីយុទ្ធនាការ អប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់ មេរោគ ទប់ស្កាត់ និងបង្ការ ការឆ្លងរាលដាលជំងឺកូវីដ១៩ (Covid-19) នៅអគាររដ្ឋបាលអង្គភាពការពារ និងហែរអម នាយកដ្ឋានអង្គរក្ស នៃ ក្រសួងមហាផ្ទៃ ស្ថិតនៅសង្កាត់ជ័យជំនះ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ពិធីនេះមានការចូលរួមពីសំណាក់ឯកឧត្តម សោម អូន ប្រធាន សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ឯកឧត្តមសេនីយត្រី ស្វាយ សុខសាន្ត ប្រធានអង្គភាពការពារ និងហែរអម ព្រមទាំងមន្ត្រីពាក់ព័ន្ឋជាច្រើនរូបទៀត។
ឆ្លៀតក្នុងឱកាសសំណេះសំណាលនោះលោកឧត្តមសេនីយត្រី ស្វាយ សុខសាន្ត បាន ថ្លែងអំណគុណឯកឧត្តម សោម អូន ដែលបានដឹកនាំក្រុមការងារប្រយុទ្ឋប្រឆាំងជម្ងឺខូវីត១៩ ចុះធ្វើយុទ្ឋនាការអប់រំផ្សព្វផ្សាយ និងបាញ់ថ្នាំបំភាយសម្លាប់មេរោគការពារការឆ្លងជម្ងឺខូវីត១៩ នៅអគាររដ្ឋបាលអង្គភាពការពារនិងហែរអម ព្រមទាំងនៅបរិវេណជុំវិញ ។
ឯកឧត្តម សោម អូន បានលើកឡើងថា ជម្ងឺខូវីត ១៩ នៅតែគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតមនុស្ស ជាតិនៅលើ ពិភពលោក មិនទាន់ថមថយនៅឡើយ ហើយបើគិតត្រឹមថ្ងៃនេះ គឺនៅលើពិភពលោក មានអ្នកផ្ទុកជម្ងឺខូវីតជិត ៥០លាននាក់ និងមានអ្នកស្លាប់ចំនួនជាង១លាន ២សែននាក់ ។ ក្រុម NACC Team Against Covide-19 បាននឹងកំពុងធ្វើសកម្មភាពដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិ បាល ធ្វើយុទ្ឋនាការផ្សព្វផ្សាយអប់រំដល់កម្មករនិយោជិត និងប្រជា ពលរដ្ឋ អនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោល ការណ៍របស់រាជរដ្ឋាភិបាលអំពីវិធីការពារមិនឲ្យឆ្លងរាលដាល ព្រមទាំងបាញ់ថ្នាំបំភាយ សម្លាប់មេរោគទប់ស្កាត់ ការពារការរីករាលដាលជម្ងឺខូវីត-១៩ នៅតាមបណ្តាខេត្ត រាជធានី ជាពិសេសនៅតាមបន្ទប់ជួលកម្មករ និងកន្លែងធ្វើការរបស់កម្មករ ។
ឯកឧត្តម សោម អូន បានកើតសរសើរដល់កងកម្លាំងការពារនិងហែហម ដែលបានខិតខំបំពេញការងារដើម្បីការពារសុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ និងអន្តរជាតិ ហើយលោកក៏បានបង្ហាញនូវមោទនភាពដែលបានមកចូលរួមចំណែកក្នុងយុទ្ឋនាការអប់រំផ្សព្វផ្សាយនិងបាញ់ថ្នាំបំភាយសម្លាប់មេរោគនៅនៅអគាររដ្ឋបាលអង្គភាព និងនៅបរិវេណជុំវិញនាពេលនេះ ។
ឯកឧត្តម សោម អូន បានអំពាវនាវដល់កងកម្លាំងនៃអង្គភាពទាំអស់ បន្តចូល រួមអនុវត្តនូវគោលការណ៍សំខាន់ៗរបស់ក្រសួងសុខាភិបាលគឺ : ១- ពាក់ម៉ាស់ ជានិច្ចនៅពេលមានការជួបជុំ, ២- រស់នៅស្អាតជាប្រចាំ, និង ៣- រក្សាគម្លាតសុវត្ថិភាពនៅពេលមានការជួបជុំ
។
សូមបញ្ជាក់ ថា បន្ទាប់ពីសំណេះ សំណាលចប់ ឯកឧត្តម សោម អូន បានប្រគល់ម៉ាស់ដល់អង្គភាពចំនួន ៣០០០ម៉ាស់ ដើម្បីប្រើប្រាស់តាមតម្រូវការរបស់អង្គភាព ៕