(ភ្នំពេញ)៖នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា អ្នកការទូតកម្ពុជា ចំនួនពីរ (០២) នាក់ និងបុគ្គលិកក្នុងស្រុកចំនួនពីរ (០២) នាក់ នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានធ្វើតេស្តសំណាកទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមសេចក្តីប្រកាស ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃ ទី ឆ្នាំដដែល។

ក្រសួងបានបញ្ជាក់ថា ក្រោយពួកគាត់ទាំងបួន (០៤) នាក់ បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារំាងរួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។  ក្រៅពីនេះស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស ក៏កំពុងរង់ចាំលទ្ធផលរបស់បុគ្គលិកក្នុងស្រុកម្នាក់ទៀត។  ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស៍ នឹងបន្តដំណើរការជាប្រក្រតីតាមប្រព័ន្ធព័ត៌មានវិទ្យា។

ស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលបារំាង ដើម្បីតាមដានការវិវត្តនៃជំងឺរបស់អ្នកការទូតកម្ពុជា និងបុគ្គលិកក្នុងស្រុក ទាំងបួននាក់ខាងលើ ដោយយកចិត្តទុកដាក់បំផុត៕