សៀមរាប៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង០១៖០០នាទី ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីមនុស្សឃាតដោយចេតនា។ នៅបន្ទប់ផ្ទះជួលម្តុំខាងក្រោយសាលារៀនបន្ទាយចាស់ ស្ថិតភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជនសង្ស័យឈ្មោះ ខឿន វីឡា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត ភូមិជ្រៃធំ ឃុំជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវជាឪពុកចុងបានយកកាំបិត បុ័ងតោ អារកកូនពីខាងក្រោយ បណ្តាលអោយស្លាប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យគន្ឋបុប្ផា (ជនសង្សយ័ត្រូវជាឪពុកចុង)។
តាមការឱ្យដឹងរបស់សាក្សីឈ្មោះ ឌឿ សុផា ភេទស្រី អាយុ ២១ឆ្នាំ មុខរបរលក់ដូរ រស់នៅកន្លែងកើតហេតុខាងលើ ត្រូវជាម្តាយក្មេងរងគ្រោះបានអោយដឹងថា ខណៈពេលដែលកំពុងបោកខោអាវ ស្រាប់តែឮសំឡេងកូនស្រែក ពេលស្ទុះមកមើល ក៏ឃើញប្តីកំពុងកាន់កាំបិតអារកកូន ដែលដេកផ្កាប់មុខនៅលើគ្រែ ហើយស្រែកអោយគេជួយ និងយកកូនទៅពេទ្យ។ ចំណែកឯជនសង្ស័យបានជិះកង់គេចខ្លួន តែត្រូវសមត្ថកិច្ចតាមចាប់ខ្លួនបានមកវិញ ហើយធ្វើតេស្តរកសារធាតុញៀនគឺវិជ្ជមាន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត ៕