សៀមរាប៖ ល្ខោនខោលខ្មែរ ត្រូវបានចុះបញ្ជីបេតិកភណ្ឌអរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដែលបានធ្វើឡើងនៅទីក្រុង ព័រល្វី សាធារណរដ្ឋម៉ូរីស នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលមកដល់ថ្ងៃនេះ​ គឺមាន​រយៈពេល​១ឆ្នាំ​ហើយ​ ដែលធ្វើអោយប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនះភាពខ្លាំងណាស់នៃលទ្ធផលដ៏​អស្ចារ្យ​មួយនេះ។
ការសម្រេចរបស់គណៈកម្មការអន្តររដ្ឋាភិបាលនៃអង្គការយូណេស្កូនៅពេលនោះ​ គឺជាមោទនភាពជាតិដ៏ធំធេងថ្មីមួយទៀត​ ដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ និងការខិតខំពុះពារចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំមន្រ្តីរាជការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយមានកិច្ចសហការគាំទ្រយ៉ាងផុសផុលពីសិល្បករ អង្គការសមាគម សង្គមស៊ីវិល ក្នុងវិស័យសិល្បៈវប្បធម៌ និងការជួយគាំទ្រលើកទឹកចិត្ត ពីមហាជននិងស្រទាប់យុវជនកម្ពុជាទាំងមូលទើបយើង បានទទួលនូវលទ្ធផលជោគជ័យនៃការដាក់បញ្ចូលនូវល្ខោនខោលនៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដ៏ត្រចះត្រចង់នេះ។
ជាក់ស្តែងនៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា នេះ ទិដ្ឋភាពនៃព្រឹត្តិការណ៍ដ៏ពិសេសនេះ បានរំលេចឡើងដ៏អស្ចារ្យ លើទឹកដីអច្ឆរយៈ នាទីលានជល់ដំរីក្នុងខេត្តសៀមរាប ដេីម្បីជាការអបអរសាទរកម្ពុជាប្រារព្ធខួធខួប១ឆ្នាំ នៃការដាក់បញ្ចូលល្ខោនខោលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ដែលទស្សនីយភាពដ៏ឥតទាស់ភ្នែកនេះ បានធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិកោតសរសើរស្ញប់ស្ញែង ពេញចិត្តយ៉ាងពេញទំហឹង៕