នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងព្យាករធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី១១ ដល់ ១៧ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្រសួងបញ្ជាក់ឲ្យដឹងថា យោងការសង្កេតតាមដាន ស្ថានភាពអាកាសធាតុឃើញថា ព្យុះទី២១ ឈ្មោះ អេតូ ( ETAU ) បាននឹងកំពុងធ្វើបន្ដដំណើរឆ្ពោះមកទិសខាងលិច។ តាមការព្យាករ ព្យុះនេះនឹងចូលដល់លើភាគខាងត្បូង ប្រទេសវៀតណាម និងភាគខាងកើត ប្រទេសកម្ពុជាមុននឹងថមថយឥទ្ធិពលជាវិសម្ពាធនិងសម្ពាធទាបនៅថ្ងៃទី១០ ខែវិច្ឆិកា ។

ដោយឡែកនៅលើសមុទ្រខាងកើតប្រទេសហ្វីលីពីន កើតនូវព្យុះទី២២ ឈ្មោះ វ៉ាមកូ ( VAMCO )។ តាមការព្យាករ ព្យុះនេះនឹងវិវត្តខ្លួនជាលំដាប់ទៅជាព្យុះទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយដំណើររបស់ព្យុះនេះ នឹងចូលមកដល់លើភាគកណ្តាលប្រទេសវៀតណាម នៅ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ដោយថមថយឥទ្ធិពលមកជាវិសម្ពាធទាប មុននឹងថមថយមកជាសម្ពាធទាប នៅលើភាគឦសានប្រទេសកម្ពុជា។

ស្ថានភាពបែបនេះធ្វើឲ្យ ៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
* សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន ។
នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅមធ្យម ។

២៖ បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
* សីតុណ្ហភាពអប្បបរមា មានពី ២០-២១ °C
* សីតុណ្ហភាពអតិបរមា មានពី ២៧-២៩ °C
នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យមទៅច្រើន ។
នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀង-ខ្យល់ក្នុងកម្រិតមធ្យម ។

៣៖ តំបន់មាត់សមុទ្រ ៖
* សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
* សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ °C
នៅថ្ងៃទី ១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតតិចទៅបង្គួរ ។
នៅថ្ងៃទី ១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យម ព្រមទាំងរលកសមុទ្រអាចមានកម្ពស់ខ្ពស់ជាបង្គួរ។

ជាមួយគ្នានេះ ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតធម្មជាតិ ដែលនឹងអាចកើតមានជាយថាហេតុណាមួយ៕