(ក្រចេះ)នាថ្ងៃទី១០ ខែវិច្ឆិកា  ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាទីប្រឹក្សាផ្ទាល់ សម្តេច តេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ហ៊ុន ប៊ុនធឿន ទីប្រឹក្សាក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងក្រុមការងារ បានអញ្ជើញសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាចំនួន ១ខ្នង មាន ៣ បន្ទប់ បំពាក់សម្ភារៈបរិក្ខារួចជាស្រេច ទោងក្មេងលេងមួយឈុតនៅសាលាបឋមសិក្សា បត់សុក្រំ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ដែលជាអំណោយរបស់ លោកស្រី គីតាហារ៉ា មីយូមិ សប្បុរសជនជប៉ុនដែលមាន លោក ត្សូណេជិ ណេហ្គីស្ហ៊ី ជាតំណាង តាមរយៈលោក ហ៊ន់ ស៊ាងហុង ប្រធានអង្គការ TDO។

ក្នុងពិធីសម្ពោធនេះ ក៏មានវត្តមានឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មន្ត្រីរាជការ ប្រជាពលរដ្ឋមូលដ្ចាន។ ទន្ទឹមគ្នានោះដែរ ឯកឧត្តមបណ្ឌិតនិង លោកជំទាវ ក៏បានបំពាក់មេដាយ ជូនប័ណ្ណសរសើរ និងបាននាំយកអំណោយចែកជូន តាជី យាយជី, គ្រូបង្រៀន, សិស្សានុសិស្ស, យុវជនកាកបាទក្រហម, យុវជនកាយរិទ្ធ, យុវជន ស.ស.យ.ក, , ប្រជាការពារភូមិ, ប៉ូលីសការពារ, កងរាជអាវុធហត្ថការពារ, ក្រុមប្រឹក្សាឃុំ, កងកម្លាំងយោធា, និងក្រុមការងារពិធីការ គិតជាថវិកាសរុបចំនួន ៥២.៨៣៥ ដុល្លាអាមេរិច។