(ពោធិ៍សាត់)៖ រឿងរៀបការ ជារឿងចាំបាច់ណាស់ក្នុងជីវិតគូស្រករថ្មីថ្មោង ដែលមិនធ្លាប់ស្គាល់ថា តើអ្វីទៅជាជីវិតគ្រួសារនោះ។ ពីធីនេះត្រូវបានគេគិតថា មួយជីវិតមានតែម្តង ដូច្នេះមិនអាចផ្អាកបានទេ តែរឿងអ្វីផ្សេងអាចផ្អាកបាន។ ក៏ប៉ុន្តែក្នុងសម័យកាលប្រទេសជាតិ កំពុងតែប្រឈមនឹងជំងឺកូវីដ១៩ រឿងរៀបការ ត្រូវបានសាមីដើមការឯកភាព ប្រកាសរំសាយចោល តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កាទប់ស្កាត់នៃការរីករាលដាលនៃជំងឺនេះ។
ជាក់ស្តែងគួស្រករគម្រូថ្មីថ្មោងមួយ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ បានសរសេររៀបរាប់ក្នុងគណនី Facebook ផ្ទាល់ខ្លួនដែលមានខ្លឹមសារថា «ក្នុងនាមយើងខ្ញុំជាម្ចាស់កម្មវិធី សូមអធ្យាស្រ័យដល់ភ្ញៀវកិត្តិយសទាំងអស់ ឱ្យបានជ្រាបថា កម្មវិធីមង្គលការយើងខ្ញុំ នឹងត្រូវពន្យារពេលវិញ ដោយសារមានការរីករាលដាលម្តងទៀត នៃជំងឺកូវីដ១៩ ហើយក៏ដើម្បីចូលរួមទប់ស្កាត់នៃការឆ្លងនេះផងដែរ»។
ទាំងនេះគឺជាការគិតគូរខ្ពស់ រវាងម្ចាស់ដើមការ ដែលត្រូវរៀបចំពិធីអាពាហ៍ពិពាហ៍ក្នុងបរិបទកូវីដ កុំឱ្យមានការឆ្លងរីករាលដាលដល់ភ្ញៀវ និងទៅដល់សហគមន៍ ព្រោះថាសុភមង្គលគ្រួសារ មិនអាចកើតចេញពីបរិយាកាសអាក្រក់មួយនេះឡើយ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ការធ្វើតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៍ ០៣ វិច្ឆិកា មានចំនួនសរុប ១៤៨១ វត្ថុសំណាក (ទាំងតេស្តលើកទី១ និងលើកទី២) ដែលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ដែលក្នុងចំនួននេះ អ្នកវិជ្ជមានវីរុសកូវីដ-១៩ មានចំនួន ០៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕