(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋខ្វះខាត ២០០គ្រួសារ រស់នៅតាមបន្ទាត់ព្រំដែនកម្ពុជា.ថៃ ក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ទទួលគ្រឿងឧបភោគបរិភោគពីសប្បុរសជន ដែលជាអាជីវករ តាមរយៈឯកឧត្តម ឡាយ គឹមលី អគ្គលេខាធិការរងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជានាយកខុទ្ទកាល័យ ឯកឧត្តមនាយ ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ សាលាសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានលើកឡើងថា ដោយសារតែក្តីបារម្ភពីប្រជាពលរដ្ឋ នៅតាមបន្ទាត់ព្រំដែន ដែលធ្លាប់ចេញចូលទៅរកស៊ីទទួលទាន នៅក្នុងទឹកដីថៃ ហើយក្នុងអំឡុងកូវីដ១៩នេះ មិនបានចេញទៅរកនោះ ដូចច្នេះអាជ្ញាធរយើងមានការគិតគូរខ្លាំងណាស់ ពិសេសឯកឧត្តម ឡាយ គឹមលី នាយកខុទ្ទកាល័យ ឯកឧត្តមនាយ ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អញ្ជើញចូលរួមផ្ទាល់ជាមួយប្រជាពលរដ្ឋ។

ជាមួយគ្មានោះដែរ ឯកឧត្តម ឡាយ គឹមលី បានពាំនាំប្រសាសន៍ផ្តាំផ្ញើ ពីសំណាក់សម្តេចតេជោ សម្ដេច គតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី និងឯកឧត្តមនាយ ឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ដែលសម្តេច និងឯកឧត្តមតែងតាំងតែងតែយកចិត្តទុកដាក់  មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារ អត់អាហារនោះទេ ហើយបងប្អូនយើងបានដឹងហើយរាល់ថ្ងៃនេះ រាជរដ្ឋាភិបាលកម្ពុជាយើងយកចិត្តទុកដាក់ខ្លាំងណាស់ តាំងពីមានបញ្ហាជំងឺកូវីដ រហូតមកដល់ពេលនេះ។

ក្នុងនោះដែរឯកឧត្តម បានថ្លែងកោតសរសើរដល់អាជ្ញាធរ និងសប្បុរសជននានា ជាពិសេសថ្ងៃនេះ សូមថ្លែងអំណរគុណដល់ លោក ចៅ លាប និងភរិយា ដែលជាអាជីវករ  ព្រមទាំងក្រុមការងារ ដែលកន្លងមកតែងតែជួយដោះស្រាយ សំរាលទុក្ខលំបាក ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្លះខាត ចំនួន២០០គ្រួសារនេះផងដែរ។

អំណោយដែលត្រូវផ្តល់ជូនពលរដ្ឋ នាឱកាសនោះក្នុងមួយគ្រួសារទទួលបាន អង្ករ២៥kg,មី១កេស,ប្រេងឆា៥លីត្រ,ភួយ១, ត្រីខ១យួរ, ស្ករស២គីឡូក្រាម, ទឹកបរិសុទ្ធ និងម៉ាស់៕