(ប៉ោយប៉ែត) ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបង្ហាញមុខជនសង្ស័យឆក់កាបូបយ៉ាងសកម្មម្នាក់ ខណៈបក្ខពួកមួយចំនួនកំពុងរត់គេចខ្លួន។ បន្ទាប់ពីធ្វើសកម្មភាពឆក់ ជាបន្តបន្ទាប់ចំនួនពីរថ្ងៃជាប់ៗ។

លោកវរសេនីយ៍ឯក ធិន ស៊ីនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់ថា បន្ទាប់ពីក្រុមចោរធ្វើសកម្មភាពឆក់កាបូបជាបន្តបន្ទាប់ចំនួនពីរថ្ងៃជាប់ៗគ្នា ដែលឆក់ថ្ងៃទី២ និងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចបានចុះការស្រាវជ្រាវ អស់ជាច្រើនថ្ងៃ រហូតដល់ថ្ងៃទី១០ ខែវិច្ឆិកានេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កំពុងនៅលើផ្ទះរបស់ខ្លួន ឈ្មោះ ស៊ុយ ពុធថង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបញ្ជាក់ថា ក្រោយពីឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួននិងបក្ខពួកពីរនាក់ទៀត ពិតជាបានធ្វើសកម្មភាពឆក់ ជាបន្តបន្ទាប់ចំនួនពីរដងមែន ដែលបក្ខពួក២នាក់ទៀត ១.ឈ្មោះ ដាវ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (កំពុងគេចខ្លួន) និងទី២.ឈ្មោះម៉ន បារាំង អាយុ ១៩ឆ្នាំ ភេទប្រុស រស់ នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(កំពុងគេចខ្លួន) ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់បន្ត។

លោកវរសេនីយ៍ឯក ធិន ស៊ីនដេត បានសំណូមពរឲ្យប្រជាពលរដ្ឋ ដាក់កាម៉ារាសុវត្ថិភាពនៅតាមផ្ទះ តូប និងកាម៉ារា បែរមកផ្លូវសាធារណៈផង ដើម្បីផ្តល់ភាពងាយស្រួលដល់កម្លាំងសមត្ថកិច្ច ក្នុងការស្រាវជ្រាវកំណត់មុខសញ្ញា ដើម្បីឈានដល់ការឃាត់ខ្លួនជនល្មើស ៕