(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០២០ ជនជាប់ឃុំឃាំងនៅក្នុងពន្ធធនាគារជាង ១ពាន់នាក់ ត្រូវបញ្ជូនមកពន្ធនាគារខេត្តបន្ទាយមានជ័យ ក្រោយពីជម្លៀសចេញដោយសារទឹកជន់លិចពន្ធនាគារ កាលពីពាក់កណ្តាលខែ តុលា ឆ្នាំ២០២០កន្លងទៅ។

ការដឹកជញ្ជូនជនជាប់ឃុំឃាំង មកពន្ធនាគារខេត្តខេត្តបន្ទាយមានជ័យវិញ ដឹកនាំបញ្ជាដោយលោក ឯកឧត្តម ឧត្តមអគ្គារនុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ លោក ដោយមានការចូលរួមសម្របសម្រួលដោយលោក មាស ច័ន្ទ ពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី សិទ្ធ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមកម្លាំងនគរបាល កម្លាំងកងរាជអាវុធជាច្រើននាក់។

លោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យបានប្រាប់ថា ចំនួនជនជាប់ឃុំឃាំង ដែលបានដឹកជម្រៀសកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ដោយសារពន្ធនាគាររងនូវការជន់លិចទឹកកំពស់ជិត ១ម៉ែត្រ មានចំនួន ១៦៣១នាក់ ស្រី៨៥នាក់ ដាក់ទីតាំងបួនកន្លែងផ្សេងៗគ្នា នៅពន្ធនាគារ ខេត្តសៀមរាប ឧត្តរមានជ័យ កំពង់ធំ និងខេត្តត្បូងឃ្មុំ។ ដោយឡែកជនជាប់ឃុំឃាំង ដែលត្រូវបានបញ្ជូនមកពន្ធនាគារខេត្តបន្ទាយមានជ័យវិញមានចំនួន១៣១៩នាក់ ស្រី៨២នាក់ ដែលជនជាប់ឃុំឃាំងមួយចំនួន ត្រូវដល់ថ្ងៃផុតកំណត់រួចទោស។

លោក អ៊ុង ស៊ីផាន បានផ្តាំផ្ញើដល់ជនជាប់ឃុំឃាំងទាំងអស់ ក្រោយពីស្គាល់រស់ជាតិជាប់ឃុំឃាំងនៅក្នុងពន្ធនាការរួចហើយ ចេញទៅវិញត្រូវចេះកែខ្លួន ធ្វើជាកូនល្អ ពលរដ្ឋល្អ ដើម្បីឲ្យសង្គមទទួលស្គាល់ និងធ្វើឲ្យក្រុមគ្រួសារទទួលបានសុភមង្គលឡើងវិញ៕