(បន្ទាយមានជ័យ): គ្រាន់តែដើមខែវិច្ឆិកា ឆ្នាំ 2020នេះ នៅក្រុងប៉ោយប៉ែត មានការតវ៉ាត្រៀមដុតសំបក កង់ឡាន រារាំងសមត្ថកិច្ចចុះមកអនុវត្តសាលក្រមរបស់តុលាការខេត្តបន្ទាយមានជ័យ ចំនួនពីរដងហើយ នៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាល កាលពីថ្ងៃទី 05 ខែវិច្ឆិកា មួយកន្លែង នឹងនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ថ្ងៃទី 13 ខែវិច្ឆិកានេះ កំពុងតែបន្តការតវ៉ារារាំងសមត្ថកិច្ចមកអនុវត្តសាលក្រម។

ប្រជាពលរដ្ឋនៅក្នុងភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ថ្ងៃទី 13 ខែវិច្ឆិកានេះ កំពុងតែធ្វើការតវ៉ាមានចំនួន 122 គ្រួសារទាមទាររកយុត្តិធម៌ និងត្រៀមដុតសំបកកង់ឡាន រារាំងសមត្ថកិច្ចចុះអនុវត្តសាលក្រម របស់តុលាការខេត្តបន្ទាយមានជ័យ។

ចំណែកឯប្រជាពលរដ្ឋចំនួន 108 គ្រួសារនៅឯភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្ដាលឯនោះវិញ នៅថ្ងៃទី 13 ខែវិច្ឆិកានេះ ក៏កំពុងតែត្រៀមរារាំងសមត្ថកិច្ច ចុះអនុវត្តសាលក្រមដូចគ្នា។

ហើយគិតត្រឹមម៉ោង 09:50នៅថ្ងៃទី 13 ខែវិច្ឆិកានេះមិនទាន់មានឃើញ សកម្មភាពរបស់សមត្ថកិច្ច ចុះមកអនុវត្តសាលក្រមរបស់តុលាការនៅឡើយទេ។

តែទោះបីជាយ៉ាងណា ក៏ប្រជាពលរដ្ឋទាំងពីរកន្លែង នៅតែកំពុងផ្ដុំគ្នាលើកពិដាតាវ៉ារារាំងសមត្ថកិច្ច មិនទាន់មានការថមថយនៅឡើយទេទ៕