(វ៉ាស៊ីនតោន)៖ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមមន្ត្រីជាន់ខ្ពស់ផ្នែកកិច្ចការបោះឆ្នោតសហព័ន្ធ និងប្រចាំរដ្ឋនានានៅក្នុងសហរដ្ឋអាមេរិក បានប្រកាសថា មិនមានភស្ដុតាងណាមួយបញ្ជាក់ពី ការបាត់បង់សន្លឹកឆ្នោត, សន្លឹកឆ្នោតត្រូវបានផ្លាស់ប្ដូរ ឬ ក៏ប្រព័ន្ធបោះឆ្នោតមានការលួចបន្លំ ឡើយនៅក្នុងការបោះឆ្នោតប្រធានាធិបតី កាលពីថ្ងៃទី០៣ ខែវិច្ឆិកាកន្លងទៅនេះឡើយ ។

ក្រុមមន្ត្រីទាំងនេះ ក៏បានច្រានចោលការអះអាងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងក្រុមអ្នកសាធារណៈរដ្ឋ មួយចំនួនដែលចោទប្រកាន់ថា «មានការលួចបន្លំសន្លឹកឆ្នោត» ទើបនាំឱ្យលោក ដូណាល់ ត្រាំ ចាញ់លោក ចូ បៃដិន នៅក្នុងការបោះឆ្នោតប្រធានាធិបតីអាណត្តិថ្មីនេះ។

នៅក្នុងសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក្រុមមន្ត្រីរៀបចំការបោះឆ្នោតសហព័ន្ធ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការបោះឆ្នោតកាលពីថ្ងៃទី០៣ ខែវិច្ឆិកា បានប្រព្រឹត្តទៅគួរឱ្យទុកចិត្តបានបំផុតមួយ នៅក្នុងប្រវតិ្តសាស្ត្រអាមេរិក ដោយគ្មានភស្ដុតាងណាមួយអាចបញ្ជាក់ថា សន្លឹកឆ្នោតត្រូវបានលុបចោល, បាត់បង់, ផ្លាស់ប្ដូរ ឬក៏មានមធ្យោបាយណាមួយ ដែលបានធ្វើឱ្យខូចដល់សន្លឹកឆ្នោតនោះទេ»

គួរបញ្ជាក់ថា ប្រតិកម្មខាងលើរបស់ក្រុមមន្ត្រីផ្នែកកិច្ចការបោះឆ្នោតអាមេរិក កើតមានឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ ជាថ្មីម្ដងទៀតនៅតែអះអាងថា មានការលួចបន្លំសន្លឹកឆ្នោត ដោយមានការលួចលុបចោលសន្លឹកឆ្នោតជាង ២.៧លានសំឡេង ដែលប្រជាជនអាមេរិកបោះឆ្នោតឱ្យរូបលោក នៅទូទាំងប្រទេស និងការលួចសន្លឹកឆ្នោត រាប់ម៉ឺនសន្លឹក ពីរូបលោក ទៅឱ្យលោក ចូ បៃដិន នៅក្នុងរដ្ឋ ភែនស៊ីលវេនៀ (Pennsylvania) និងរដ្ឋដទៃៗទៀត៕