(ភ្នំពេញ)៖ នៅគ្រាដែលពិភពលោក រួមទាំងកម្ពុជា កំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ (COVID-19) វិធានការនៃការធ្វើចត្តាឡីស័ក គឺជាភាពចាំបាច់បំផុត ត្រូវបានអនុវត្តន៍ ដើម្បីការពារការរីករាលដាល នៃជំងឺឆ្លងដ៏កាចសាហាវនេះ។

 

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានពន្យល់ពីប្រវត្តិ និងភាពចាំបាច់នៃការធ្វើចត្តាឡីស័ក ដើម្បីការពារជំងឺឆ្លងដ៏កាចសាហាវនានា។  ខាងក្រោមនេះការពន្យល់របស់លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង៖

* អ្វីទៅជាការធ្វើចត្តាឡីស័ក (Quarantine) ?

ការធ្វើចត្តាឡីស័ក គឺជាការដាក់កំរិតលើការចល័ត ដល់ប្រជាជន និងទំនិញផ្សេងៗ ដើម្បីការពារការរីករាលដាលនៃជំងឺ។  គេប្រើប្រាស់វិធីសាស្រ្តនេះ ដើម្បីបង្ការការចល័តបុគ្គលទាំងឡាយណា ដែលបានប៉ះពាល់ជាមួយជំងឺឆ្លង ប៉ុន្តែមិនទាន់មានរោគវិនិច្ឆ័យវេជ្ជសាស្រ្តបញ្ជាក់ថាមានជំងឺ។

គេត្រូវបែងចែក ការធ្វើចត្តាឡីស័ក (quarantine) ពីការដាក់នៅដោយឡែកបែបវេជ្ជសាស្រ្ត (MedicalIsolation) ដែលធ្វើឡើងសំរាប់អ្នក ដែលមានរោគវិនិច្ឆ័យបញ្ជាក់ថា មានជំងឺឆ្លងណាមួយ ហើយត្រូវដាក់នៅឲ្យដាច់ដោយឡែកពីក្រុមប្រជាជន ដែលមានសុខភាពល្អ។ ពាក្យថា ការធ្វើចត្តាឡីស័ក អាចមានការប្រើបា្រស់លាយឡំ ជាមួយនឹងពាក្យថា ខ្សែពទ័្ធសុខភាព (Cordon Sanitaire) ដែលសំដៅទៅលើការដាក់កំរិត លើការចល័តដល់ប្រជាជនមិនឲ្យចេញពី ឬ ចូលក្នុងតំបន់ភូមិសាស្រ្តកំណត់ណាមួយ ដើម្បីការពារកុំឲ្យមានការចំលងជំងឺ។

* តើចត្តាឡីស័ក (quarantine) កើតមានតាំងពីពេលណាមក?

គោលគំនិតនៃការដាក់អ្នកជំងឺ ឲ្យនៅដោយឡែក ដើម្បីការពារការចំលងរោគ គឺមានតាំងពីបរមបូរាណកាលមកម្ល៉េះ។ ពាក្យថាចត្តាឡីស័ក (quarantine) កើតចេញពីពាក្យ quarantena ដែលមានន័យថា ៤០ថ្ងៃ ដែលគេប្រើប្រាស់ក្នុងចន្លោះសតវត្សទី១៤ -១៥ សំរាប់សំគាល់រយៈពេលដែលត្រូវដាក់នាវា ទាំងឡាយឲ្យនៅដាច់ដោយឡែក មុននឹងអនុញ្ញាតិឲ្យអ្នកដំណើរ និងនាវិកនៅលើនាវានោះ  អាចចុះមកលើដីគោក ក្នុងពេលមានការរាតត្បាតជំងឺប៉ែស្ត ដែលគេបានប៉ាន់ស្មានថា រយៈពេលចាប់ពីពេលឆ្លងរហូតដល់ស្លាប់ របស់ជំងឺប៉ែស្ត គឺមានរយៈ៣៧ថ្ងៃ។

* តើក្នុងប្រវត្តិសាស្រ្តកន្លងមកមានជំងឺណាខ្លះ ដែលត្រូវបានគេអនុវត្តវិធានចត្តាឡីស័ក ដើម្បីការពារការចំលង?

មុននឹងក្រោយការរាតត្បាតនៃជំងឺប៉ែស្តក៏មានការប្រើប្រាស់ នូវិធីសាស្រ្តចត្តាឡីស័កសំរាប់បង្កាការចំលង ជំងឺផ្សេងៗទៀតដូចជា៖ ជំងឺឃ្លង់ (leprosy) ជំងឺគ្រុនលឿង (Yellow fever) ជំងឺស្វាយ (syphillis) ជំងឺអាសន្នរោគ (cholera) ជំងឺអុតស្វាយ (smallpox) ជំងឺផ្តាសាយធំ (Influenza) ជាដើម។
ក្នុងសតវត្សទី២១នេះ ក៏មានការអនុវត្តវិធានចត្តាឡីស័ក លើមនុស្សមួយចំនួន ដែលត្រូវបានគេសង្ស័យថា មានផ្ទុកជំងឺឆ្លងដូចជា៖ ជំងឺអេបូឡា (Ebola) ជំងឺរបេងដែលស៊ាំថ្នាំច្រើនមុខ (multi-drug-resistant tuberculosis) ជំងឺសា (SARS) និងថ្មីៗនេះ គឺជំងឺកូវីដ១៩ (COVID-19)។

* ហេតុអ្វីបានជាកំណត់ចត្តាឡីស័ក  ១៤ថ្ងៃ សំរាប់ជំងឺកូវីដ១៩?

ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈឆ្នាំ២០២០ នៅពេលដែលការរីករាលដាលនៃ ជំងឺកូវីដ១៩ កើតមាន ខ្លាំងនៅទីក្រុងវូហាន នៃប្រទេសចិន អ្នកជំនាញនៃអង្គការសុខភាពពិភពលោក និងចិន បានខិតខំសិក្សាស្រាវជ្រាវជាមួយគ្នា ដើម្បីស្វែងរកនូវវិធានទប់ស្កាត់ ការរីករាលដាលនៃមេរោគនេះ។

របាយការណ៍របស់អង្គការសុខភាពពិភពលោក និងចិន បានបញ្ជាក់ថា រយៈពេលរង់ចាំមុនចេញ រោគសញ្ញាមធ្យមសំរាប់ ជំងឺកូវីដ១៩ គឺ៥ទៅ៦ថ្ងៃ ប៉ុន្តែវាអាចមានរហូតដល់ ១៤ថ្ងៃ។ នេះបានសេចក្តី ថាចាប់ពីពេលដែលមនុស្សម្នាក់ ប៉ះពាល់ជាមួយវីរុសនេះ រហូតដល់ពេលមានចេញជារោគសញ្ញា នៃជំងឺគឺអាចមានរយៈពេលរហូតដល់ ១៤ថ្ងៃ។ ហេតុនេះហើយទើបប្រទេសជុំវិញ ពិភពលោកបានកំណត់យកតួរលេខ ១៤ថ្ងៃនេះ សំរាប់ធ្វើចត្តាឡីស័កសំរាប់ជំងឺកូវីដ១៩៕