(បរទេស)៖ មនុស្សយន្តត្រូវបានបង្កើតឡើងដំបូង ដោយវិស្វករគ្រឿងយន្តម្នាក់គឺលោក ចច ដេវ៉ុល (George C. Devol) តាំងពីឆ្នាំ១៩៥០ ក្នុងរដ្ឋខិនតាក់គី សហរដ្ឋអាមេរិក ក្រោយៗមកទៀត ទើបប្រទេសជឿនលឿនជាច្រើន បានអភិវឌ្ឍបច្ចេកវិទ្យា បង្កើតមនុស្សយន្តនេះជាបន្តបន្ទាប់ សម្រាប់ប្រើប្រាស់តាមវិស័យនានា។ បច្ចុប្បន្ន តើប្រទេសណាខ្លះដែលមានមនុស្សយន្តច្រើនជាងគេ?

យោងតាមស្ថិតិ របស់សហព័ន្ធមនុស្សយន្តអន្តរជាតិ (IFR) បានបង្ហាញថា ប្រទេសជប៉ុនជាប្រទេស ដែលផលិតមនុស្សយន្តច្រើនជាងគេបំផុត នៅលើពិភពលោក បន្ទាប់មកគឺប្រទេសអាល្លឺម៉ង់។

កំណើនបរិមាណមនុស្សយន្ត ដែលបានផលិតឡើងថ្មីៗនោះបានកើនចាប់ពី ១,០៣៥,០០០ គ្រឿង នៅចុងឆ្នាំ២០០៨ ដល់ ៣,០៥៣,០០០ គ្រឿង នៅឆ្នាំ២០២០នេះ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ ប្រទេសជប៉ុនគឺជាប្រទេស ដែលដើរតួយ៉ាងសំខាន់ក្នុងវិស័យ ឧស្សាហកម្មផលិតមនុស្សយន្ត និងជាប្រទេសនាំចេញមនុស្សយន្តច្រើនជាងគេ ដែលស្មើនឹង ៥៦% នៃការផ្គត់ផ្គង់មនុស្សយន្ត ទាំងអស់នៅលើពិភពលោក។

ចំណែកឯប្រទេស ដែលប្រើប្រាស់មនុស្សយន្តច្រើនជាងគេនោះ ក៏ជាប្រទេសជប៉ុនដដែល។ ក្នុងចំណោមកម្មករ ១០,០០០ នាក់ គឺមានមនុស្សយន្ត ៣០០ គ្រឿងទៅហើយ។ ពួកវាត្រូវបានគេប្រើប្រាស់ច្រើនបំផុត នៅក្នុងឧស្សាហកម្មផលិតរថយន្ត។

ក្រៅពីប្រទេសជប៉ុនខាងលើនេះ ប្រទេសចិន និងកូរ៉េខាងត្បូង ក៏ប្រើប្រាស់មនុស្សយន្តច្រើនជាងគេផងដែរ។  ប្រការនេះក៏ដោយសារកំណើនសេដ្ឋកិច្ចមានការលូតលាស់ឆាប់រហ័ស រីឯវិស័យឧស្សាហកម្មក៏មានភាពមមាញឹកខ្លាំងណាស់ដែរ ដែលទាមទារឱ្យមានកម្លាំងមនុស្សយន្ត ជួយធ្វើការឱ្យបានច្រើនបំផុត។

តាមការវាយតម្លៃរបស់សហព័ន្ធមនុស្សយន្តអន្តរជាតិ បានបញ្ជាក់ថា នៅទ្វីបអឺរ៉ុបអាត្រានៃការប្រើប្រាស់ មនុស្សយន្តមានចំនួន ១០៦គ្រឿង ក្នុងចំណោមកម្មករ ១០,០០០ នាក់ ចំណែកនៅទ្វីបអាមេរិក និងទ្វីបអាស៉ី អាត្រានៃការប្រើប្រាស់មនុស្សយន្តមានចាប់ពី ៧៥-៩១ គ្រឿងក្នុងចំណោមកម្មករ ១០,០០០ នាក់ដូចគ្នា៕