(កណ្តាល): កាលព្រឹកថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ មជ្ឈដ្ឋានរបស់ប្រជាពលរដ្ឋ រស់នៅជិតកន្លែងកើតហេតុ បាននាំគ្នានិយាយថា៖ គួរអោយអាសូរណាស់! ប្រពន្ធដេីម ក្លាយជាអ្នកទោសក្រោយពីដឹកដៃកូន តាមរកប្តី ខណៈកំពុងរៀបការ ជាមួយស្រីថ្មី ដល់ក្នុងរោងការ។ ទីបំផុតខាងប្តីក៏ បន្តរៀបការបានយ៉ាងរលូន ចំណែកប្រពន្ធដើម និងកូន បានត្រឹមទឹកភ្នែក ហើយទីបំផុត គឺប្រពន្ធដើមក្លាយ ជាអ្នកទោស ក្នុងបទ រំលោភលំនៅដ្ឋាន គ្រាដែលខ្លួន ដឹកដៃកូនទៅ រកប្តី ខណៈកំពុងអង្គុយផ្ទឹមចូលរោងការជាស្រីថ្មីនោះ។
សូមរំឮកថា៖ ប្រពន្ធដើមត្រូវកងរាជអាវុធហត្ថខេត្តកណ្តាល ចុះអនុវត្តន៍ដីកាចាប់ខ្លួន កាលព្រឹកថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគ្រាដែលស្ត្រីរូបនោះ កំពុងអង្គុយលក់ត្រី នៅចំណុចស្តង់លក់ត្រីមួយកន្លែង ស្ថិតក្នុងភូមិរកា ខ្ពស់ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ។
បើតាមសមត្ថកិច្ចបាន បង្ហើបថា៖ ដេីមបណ្តឹង មានឈ្មោះ ទេស ស្រីនាង អាយុ ៣៥ រស់នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បានរៀបការ ជាមួយឈ្មោះ លី ច្រាយ អាយុ ២៩ ឆ្នាំ កាលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ដែលជាប្តីដើម របស់ជនត្រូវចោទ។
ដោយឡែក ជនត្រូវចោទ ជាប្រពន្ធដើមឈ្មោះ ហុក ស្រីណុច អាយុ ២៦ឆ្នាំ នៅភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង។ ការឃាត់ខ្លួន សមត្ថកិច្ចអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួន លេខ ៨០២ ដប.នខ ចុះថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ របស់លោក ជួន វណ្ណៈ ចៅក្រមស៊េីបសួរ នៃ សាលាដំបូងខេត្តកណ្តាល ។ ទើបនៅវេលាម៉ោង៧៖០០នាទីព្រឹកថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សមត្ថកិច្ច ២ឡានមានគ្នា ៨នាក់ ចុះទៅឃាត់ខ្លួន នៅចំណុច ភូមិព្រែកខ្សេវ សង្កាត់ រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ពីបទរំលោភលើលំនៅឋាន និងបរិហាកេរ្ត៍ជាសាធារណៈ ប្រព្រឹត្តនៅ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាលកាលពីថ្ងៃ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០។
បច្ចុប្បន្ន ជនត្រូវចោទបានបញ្ជូន ទៅបញ្ជាកាដ្ឋាន កងរាជអាវុធខេត្ត ដើម្បីបន្តនីតិវិធី៕