(ភ្នំពេញ ) :  នៅ រសៀល ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ  ស្ត្រីម្នាក់ជាអ្នកលក់ផលិតផលតាមអនឡាញ ដែលគេស្គាល់ថាជាបងស្រីបង្កើត ថៅកែ ពេជ្រ ទ្រី ដា ណា បានត្រូវកម្លាំងនគរបាលនាយកដ្ឋាន ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បញ្ជូនមកតុលាការ ដើម្បីចាត់ការតាមច្បាប់ ។ ប៉ុន្តែពេលមកដល់ ស្រាប់តែ ស្ត្រីនេះ ដួលសន្លប់ បានត្រូវសមត្ថកិច្ច បញ្ជូនទៅមន្ទីរពេទ្យ ភ្លាមៗ ដែរ ។

ស្ត្រីរូបនេះ ឈ្មោះ ទ្រី សុ ផានិត អាយុ ៣៩ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ នៅតាមផ្លូវ ១៨២ ក្នុង សង្កាត់ ទឹកល្អក់ ទី ២ ខណ្ឌទួលគោក រាជធានី ភ្នំពេញ ។ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក ហម ម៉េង សែ អនុប្រធាន សាលាដំបូង រាជធានី ភ្នំពេញ និងជាចៅក្រមស៊ើបសួរលើសំណុំរឿងនេះ ។

តាមដីកាបង្គាប់ឲ្យនាំខ្លួននេះ បានបញ្ជាក់ថា ឈ្មោះ ទ្រី សុ ផានិត ត្រូវបានចោទប្រកាន់ ពីបទ « បរិហារកេរ្តិ៍ ជាសាធារណៈ , ញុះញង់ ឲ្យមានការរើសអើង និង អំពើនៃការប្រកួតប្រជែង មិនស្មោះត្រង់ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពី ឆ្នាំ២០១៨  រហូតដល់ ឆ្នាំ ២០២០ ដែលមាន ប្អូនស្រីឈ្មោះ ទ្រី ដា ណា ជាដើម បណ្តឹង ។   ជនត្រូវចោទរូបនេះ ត្រូវបានតុលាការបង្គាប់ ឲ្យ ចូលទៅបំភ្លឺ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

ប៉ុន្តែ ជនត្រូវចោទយកលេសថា មិនអាចចូលទៅបង្ហាញខ្លួនបាន ដោយសារ បញ្ហា សុខភាព « ផ្តាសាយធំ » តែ ធាតុពិតជនត្រូវចោទរូបនេះបាន បង្ហោះលក់ផលិតផល តាមហ្វេសប៊ុកជាបន្តបន្ទាប់ ៕