ស្រូវពូជរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានយកទៅចែកជូនពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ៥៧៦គ្រួសារ នៅស្រុកព្រះស្ដេច ខេត្តព្រៃវែង

339

(ព្រៃវែង)៖ លោក ហ៉ី ប៉ាវី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកកំពង់ផែស្វ័យត រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយស្រុកព្រះស្តេច ខេត្តព្រៃវែង តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះចែកស្រូវពូជសែនក្រអូប ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ចំនួន ៥៧៦គ្រួសារ នៅស្រុកព្រះស្តេច ខេត្តព្រៃវែង។

ក្នុងឱកាសនោះដែរ លោក ហ៉ី ប៉ាវី បានរំឮកដល់ប្រជាពលរដ្ឋថា ក្រៅពីធ្វើឡសម្ងួតកសិករស្រុកព្រះស្តេច ត្រូវខំប្តូពីការធ្វើកសិកម្មធម្មតា ទៅជាឧស្សាហកម្មជំនួសវិញ។ ហើយសព្វថ្ងៃនេះ ក្នុងស្រុកមានសហគមន៍ផលិតពូជស្រូវ និងបង្កើននូវការផលិតលក់ចេញទៅក្រៅស្រុកថែមទៀត។ ក្រៅពីការផលិតពូជស្រូវ ត្រូវយកម៉ូទ័របូមទឹក បូមដាក់ស្រែ ស្រោចស្របស្រូវជំនួសការប្រើ ម៉ាស៊ីនបូមទឹកវិញ មូលហេតុការប្រើម៉ាស៊ីនបូមទឹក ប្រើប្រេងបើគិតពីចំណាយថ្លៃជាងពីរដង ពេលប្រើម៉ូទ័រ ដែលប្រើដោយភ្លើងអគ្គិសនី ព្រមទាំងរៀបចំកែប្រែការធ្វើស្រែធម្មតា ទៅជាការធ្វើស្រែបែបឧស្សាហកម្ម តាមបទដ្ឋានបច្ចេកទេស វាជាមធ្យោបាយល្អ ចំណេញផ្នែកហិរញ្ញវត្ថុ ដែលអាចផលិតស្រូវ នាំចេញអង្ករទៅក្រៅប្រទេសបាន។

លោកបានបន្តថា បច្ចុប្បន្ននេះ នៅក្នុងស្រុកព្រះស្តេចមានសហគមន៍ចំនួន ១១ឃុំ និងមានឡសម្ងួត ដែលអាចមានលទ្ធភាពសម្ងួតស្រូវ ក្នុងមួយថ្ងៃបានជាង ៥០តោន និងមានឃ្លាំងស្តុបស្រូវទុកបានជាង ១០ម៉ឺនតោន។

លោក ហ៉ី ប៉ាវី បានគូសបញ្ជាក់ថា ការកែប្រែការផលិតនេះដោយសារតែសព្វថ្ងៃប្រទេសចិន បានទទួលទិញអង្ករពីកម្ពុជា ក្នុងមួយឆ្នាំ ប្រមាណ ៤០មុឺនតោន ខុសពីឆ្នាំមុនៗ ក្នុងមួយឆ្នាំ ត្រឹមតែ១០ ទៅ ២០ម៉ឺនតោនតែប៉ុណ្ណោះ លើសពីនេះកម្ពុជាបានសម្លឹងឃើញថា ផលកសិកម្មទីផ្សារធំនាំចេញទៅប្រទេសចិន បើផលិតស្រូវបានពីរដង លើសពីការផលិតសព្វថ្ងៃ ក៏មិនគ្រប់តម្រូវការប្រទេសចិន ផងដេរ។ ដោយសព្វថ្ងៃ នាំចេញផលកសិកម្មទៅប្រទេសចិន រួមមាន៖ អង្ករ, ស្វាយ, ម្នាស់, តាង៉ែន, ចេក និងផលិតផលមួយចំនួនទៀត។ ការរៀបចំផលិតបន្ថែមនូវផលកសិកម្ម ត្រូវតាមបទដ្ឋាន គឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រាប់នាំចេញ មិនត្រឹមប៉ុណ្ណោះសព្វថ្ងៃនេះ សម្តេចតេជោ បានគិតគូរជូនប្រជាពលរដ្ឋ ក្រៅពីផ្តល់ពូជស្រូវ១០០គីឡូក្រាម សម្តេចក៏បានផ្តល់ជូននូវគ្រាប់ដំណាំផ្សេងៗ រួមមាន គ្រាប់ស្ពៃ គ្រាប់ត្រកួន និងគ្រាប់ដំណាំរួមផ្សំជាដើម។

បើតាមលោក ភុន សម្ភស្ស អភិបាលស្រុកព្រះស្តេច បានឱ្យដឹងថា កន្លងមកក្នុងស្រុកមានប្រជាពលរដ្ឋរងគ្រោះជំនន់ទឹកទន្លេ តែឆ្នាំនេះ រងគ្រោះជំនន់ទឹកភ្លៀង ដែលមានប្រជាពលរដ្ឋខ្លះ រលួយពូជពីរដងជាដើម។ ដូច្នេះ ដើម្បីស្តាឡើងវិញនូដំណាំរួមផ្សំផ្សេងៗ រដ្ឋាភិបាលបានគិតគូរផ្តល់ពូជស្រូវ និងពូជដំណាំជូនប្រជាពលរដ្ឋផងដែរ។

អភិបាលស្រុករូបនេះ បានបន្តថា សម្រាប់ស្រុកព្រះស្តេច កសិករអាចធ្វើស្រែបានពីរ ទៅបីដងក្នុងមួយឆ្នាំ ហើយទូទាំងស្រុកមានប្រឡាយមេចំនួន ៣៦ខ្សែ ដែលមានប្រវែងជាង ១០០គីឡូម៉ែត្រ និងប្រឡាយជើងក្អែបថែមទៀត ដែលធ្វើឱ្យទូទាំងស្រុក មានទឹកគ្រប់គ្រាន់ សម្រាប់ធ្វើស្រែពេញមួយឆ្នាំ៕