(ភ្នំពេញ)៖ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមប្រឹក្សាគណៈឱសថការីជាតិ ដែលមានលោក បាន បុត្ដា ជាប្រធាន បានប្រកាសដាក់ទណ្ឌកម្មវិន័យ ចំពោះឱសថការី ដែលប្រព្រឹត្ដខុសក្រមសីលធម៌វិជ្ជាជីវៈឱសថការី លក់ដំឡើងថ្លៃម៉ាស អាកុល ជែលឧបករណ៍វាស់កម្ដៅ និងសម្ភារសម្លាប់មេរោគផ្សេងៗ។
តាមសេចក្ដីប្រកាសដែលអង្គភាពព័ត៌មាន ទទួលបាននៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ក្រុមប្រឹក្សាគណៈឱសថការី នឹងមានវិធានការស្រាវជ្រាវ ដើម្បីដាក់ទណ្ឌកម្មវិន័យ ចំពោះឱសថការី ដែលជាអ្នកទទួលបន្ទុកបច្ចេកទេសគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណ ឱសថ ឱសថស្ថាន ឱសថស្ថានរង «ក» សូមកុំដំឡើងថ្លៃម៉ាស អាកុល ដែលលាងដៃ ឧបករណ៍វាស់កម្ដៅ និងសម្ភារសម្លាប់មេរោគផ្សេងៗ។
ក្រុមប្រឹក្សាគណៈឱសថការីជាតិ ក៏បានអំពាវនាវដល់ឱសថការីទាំងអស់ ត្រូវគោរពឱ្យបាននូវក្រមសីលធម៌ឱសថការី ប្រកាន់ខ្ជាប់នូវករណីកិច្ចការពារសុខភាពសាធារណៈ ដោយគោរពជីវិត រាងកាយ និងសេចក្ដីថ្លៃថ្នូររបស់ប្រជាជន ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយការ ឆ្លងមេរោគកូវីដ១៩ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចប់ព្រឹត្ដិការណ៍៣វិច្ឆិកា ឱ្យបានឆាប់រហ័ស៕