ភ្នំពេញ៖ ដោយមានកាសហកាគ្នាយ៉ាងជិតស្និតរវាង ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) និងសភាសម្ព័ន្សហជីពជាតិកម្ពុជា (NACC) បានប្រារព្ធធ្វើឡើងនូវកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយិ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៥ ក្រោមប្រធានបទ (សហជីពរួមគ្នា ធ្វើឲ្យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ) ក្រោមអធិបតីភាព លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) និង លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) និងមានការអញ្ជើញចូលរួមពីតំណាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក, សហភាពអឺរ៉ុប, សាធារណរដ្ឋប្រជាមានិតចិន, តំណាងសហជីពសកល, សមាគមស្បែកជើង CFA , ថ្នាក់ដឹកនាំសហភាពសហព័ន្ធ សហជីព ព្រមទាំងកម្មករនិយោជិត នៅកម្ពុជាប្រមាណជាង ៣ពាន់នាក់ ស្ថិតនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
ក្នុងឱកាសនោះ លោក គឹម ចាន់សំណាង បានថ្លែងថា៖ ទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត របស់កម្មករនិយោជិតនៅទូទាំងពិភពលោកដែលត្រូវបានប្រារព្ធលោកព្រមៗគ្នានៅលើពិភពលោក។ ដោយឡែកនៅកម្ពុជា និងសហជីពក៏ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំផងដែរ ដើម្បីរំលឹកដល់ស្មារតីនៃចលនាតស៊ូរបស់ពលករ លើពិភពលោកដែលបានទាមទារជោគជ័យ បាននូវសិទ្ធិ និងផលប្រយោជន៍ស្មើភាពរវាងស្រ្តី និងបុរស និងទទួលបានភាពយុត្តិធម៌សង្គម។
លោក គឹម ចាន់សំណាង បានថ្លែងបន្តថា៖ ឆ្នាំនេះសហជីពបានសហកាគ្នាយ៉ាងជិតស្និតរវាង ក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) និងសភាសម្ព័ន្ធហជីពជាតិកម្ពុជា (NACC) បានប្រារព្ធធ្វើឡើងនូវកម្មវិធីអបអរសាទរ ខួបអនុស្សាវរីយិ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ២០២៥ ក្រោមប្រធានបទ (សហជីពរួមគ្នា ធ្វើឲ្យសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ) គឺជាសខីភាពនៃការប្តេជ្ញាចិត្តខ្ពស់ របស់សហជីពយើងទាំងអស់ រួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់នូវលក្ខខណ្ឌការងារ និងសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងបានចូលរួមចំណែកក្នុងការពង្រឹងនូវយន្តការដោះស្រាយវិវាទការងារដែលអាចកើតឡើងនៅកន្លែងការងារ សំដៅធ្វើឲ្យមានភាពកាន់តែប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីឲ្យប្រែក្លាយពីសហគ្រាសមួយជាសហគមសុខសាន្តមួយ។
ប្រធានសភាសម្ព័ន្ធហជីពជាតិកម្ពុជា បានបញ្ជាក់ថា៖ ក្នុងនាមលោកជាតំណាងឲ្យថ្នាក់ដឹកនាំសហជីពទាំងអស់ លោកសូមចូលរួមសំដែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនកម្មករនិយោជិត ជាសមាជិកទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ ក្នុងការធ្វើការប្រកបដោយគុណភាព ផលិតភាព និងភាពរីកចម្រើន គួរឲ្យកត់សម្គាល់។
លោក គឹម ចាន់សំណាង ក៏បានរំលឹកបន្ថែមថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន អតីតៈ នាយករដ្ឋមន្រ្តីកម្ពុជា បានយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដោយបានរៀបចំបង្កើតឡើងនូវយន្តការត្រីភាគីក្រោមការដឹកនាំ និងរៀបចំដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានឈ្មោះថា៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលជូនបងប្អូនកម្មករនិយោជិតជារៀងរាល់ឆ្នាំ រហូតមកដល់បច្ចុប្បន្ននេះ ប្រាក់ឈ្នួលអប្បបរមាទទួលបានចំនួន ២០៨ដុល្លារក្នុង១ខែ និងប្រាក់បន្ទាប់បន្សំមួយចំនួនទៀត។
លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធហជីពជាតិកម្ពុជា ក៏បានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន ជាអតីតៈ នាយករដ្ឋមន្រ្តីកម្ពុជា បានដឹកនាំកម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញ រហូតមកដល់បច្ចុប្បន្ននេះ និងបានបន្តដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន ធ្វើឲ្យកម្ពុជារីកលូតលាស់គ្រប់វិស័យ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោក មុំ សៀក ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) បានមានប្រសាសន៍គាំទ្រពេញទំហឹងចំពោះប្រធានបទខាងលើនេះថា៖ ការជ្រើសយកប្រធានបទនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តខ្ពស់ របស់សហជីពក្នុងការសាមគ្គីគ្នា ដើម្បីលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព និងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត និងភាគីពាក់ព័ន្ធ ចូលរួមពង្រឹងយន្តការដោះស្រាយវិវាទការងារដោយភាពចាស់ទុំ និងតម្កល់ប្រយោជន៍រួមជាធំ សំដៅធ្វើឲ្យកាន់តែប្រសើឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងការងារដោយប្រែក្លាយសហគ្រាសមួយ ជាសហគមសុខសាន្តមួយ។
ជាចុងក្រោយ ប្រធានក្រុមប្រឹក្សាសហជីពជាតិកម្ពុជា (CCNU) សូមថ្លែងអំណរគុណចំពោះអង្គការ សមាគម ជាដៃគូរជាតិ និងអន្តរជាតិ ដែលពាក់ព័ន្ធវិស័យការងារ ដែលជានិច្ចកាលតែងតែផ្តល់នូវកិច្ចសហប្រតិបត្តិការល្អ ក្នុងការជួយ បណ្តុះបណ្តាលតាមរយៈវគ្គសិក្ខាសាលា និងទស្សនកិច្ចទាំងក្នុង និងក្រៅប្រទេសសំដៅបង្កើតសមត្ថភាពជូនដល់ ថ្នាក់ដឹកនាំ សហភាពសហជីព សម្ព័ន្ធសហ័ន្ធសហជីព ថ្នាក់ដឹកនាំសហជីពមូលដ្ឋាន ដើម្បីពួកគាត់អាចមានសមត្ថភាព ក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផលជូនដល់សមាជិក សមាជិការ និងកម្មករ និយោជិតស្របតាមច្បាប់ និងលិខិតបទដ្ឋានដែលពាក់ព័ន្ធ៕