នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្នុងនាមជាថ្នាក់ដឹកនាំសហភាពសហជីព សហព័ន្ធសហជីព សមាជិក សមាជិកា នៃ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ដែលជាអង្គការវិជ្ជាជីវៈតំណាងឱ្យកម្មករនិយោជិត ក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ, ផលិតស្បែកជើង និងកាបូប ដែលកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាននានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ ចំណាត់ការដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានវិធានក្នុងការឆ្លើយតប ពីការគំរាមកំហែង ពីក្រុមជ្រុលនិយម និងកងទ័ពថៃ ដែលចង់ផ្តាច់ប្រព័ន្ធ Internet និងផ្តាច់ការផ្គត់ផ្គង់អគ្គីសនី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទច្រកដូងនៃព្រំដែនកម្ពុជា និងថៃ នៃខេត្តបាត់ដំបង និងវិធានការផ្សេងៗទៀត ជាបន្តបន្ទាប់ ។
ទន្ទឹមនឹងវិធានការនេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធាន គណបក្សប្រជាជនកម្ពុជា ក៏បានបញ្ជាក់ជូនថា : ដោយថៃបានប្រើប្រាស់ច្រកដូងនេះ ដើម្បីដឹកជញ្ជូនផ្លែឈើរាប់រយឡានក្នុងមួយថ្ងៃៗឆ្លងកាត់ទៅវៀតណាម ដូច្នេះសូមបងប្អូនកសិករថៃដែលកំពុងប្រមូលផលទៅតវ៉ាជាមួយយោធាថៃដោយខ្លួនឯង ព្រោះកម្ពុជានឹងបើកច្រកនេះឡើងវិញតែពេលណាច្រកព្រំដែនទាំងអស់ដែលយោធាថៃបិទជាឯកតោភាគីសម្រួលដូចមុនពេលបិទ។ យើងស្គាល់បញ្ហានេះយូរហើយតែយើងមិនចង់រំខានការរកស៊ីរបស់ប្រជាជន តែពេលនេះវាដល់ពេលហើយដែលយើងត្រូវឆ្លើយតបដោយវាយបកលើចំណុចតូចៗ ៣ ប៉ុណ្ណោះគឺ ទី១/ឈប់ទិញអ៊ីនធឺណិត ទី២/ឈប់ឲ្យបញ្ចាំងភាពយន្តថៃក្នុងទឹកដីកម្ពុជា និង ទី៣/បិទច្រកដូងដែលមានផលប៉ះពាល់ផ្ទាល់ដល់កសិករដាំផ្លែឈើ។ ក្នុងករណី ថៃមិនព្រមបើកព្រំដែនដែលថៃបានបិទជាឯកតោភាគី កម្ពុជា នឹងអាចបញ្ឍប់ការនាំចូលរាល់ទំនិញរបស់ថៃ ដោយជំនួសការប្រើប្រាស់ទំនិញក្នុងស្រុក និងទំនិញពីប្រទេសជិតខាងផ្សេងទៀតក្រៅពីថៃ។
សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ព្រមទាំងសហព័ន្ធសហជីព ទាំង៦ របស់សហភាព និងសមាជិកសមាជិការ បានសង្កេតឃើញនូវសកម្មភាពដ៏គគ្លើនរបស់ក្រុមជ្រុលនិយមនិងកងទ័ពថៃ តែងតែមានមហិច្ឆិតាចង់បាន និងឈ្លានពានម្តងហើយម្តងទៀតមកលើដែនអធិបតិយ្យភាពរបស់កម្ពុជា ដូច្នេះពួកយើងជឿរជាក់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីមានភាពឆ្លាតវៃ ចំពោះគ្រប់វិធានការឆ្លើយតបជាមួយថៃ បានទាន់ពេលវេលា៕