កម្ពុជាពិតជាមានមោទនភាព ក្នុងសកម្មភាពដោះមីន និងបំផ្លាញគ្រាប់មីន ដែលប្រឆាំងមនុស្ស គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកាក សំណាល់ សង្រ្គាមចេញពីទឹកដីរបស់ខ្លួន និងបានចែករំលែកបទពិសោធន៍នេះទៅដល់បណ្តាប្រទេសដទៃជាច្រើនទៀត។ ដូច្នេះកេរ្តិ៍ឈ្មោះរបស់កម្ពុជានៅពេលនេះ គឺការដោះមីន និងការបំផ្លាញគ្រាប់មីនប្រឆាំងមនុស្ស មិនមែនការដាក់មីនថ្មីនោះទេ។ នេះជាការបញ្ជាក់ពីឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងសន្និសីទសារព័ត៌មានស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
ការគូសបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជានេះធ្វើឡើងបន្ទាប់ពីភាគីថៃបានចោទប្រកាន់កម្ពុជាថាបានធ្វើការលួចដាក់មីនថ្មីក្បែរតំបន់ប្រាសាទតាមាន់ធំ ក្រោយទាហានរបស់ពួកគេម្នាក់បានរងរបួសដាច់ជើងដោយសារការផ្ទុះគ្រាប់មីនរួចមក។ ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា ចាប់តាំងតែកម្ពុជាបានក្លាយជារដ្ឋភាគីស្តីពីអនុសញ្ញាអូតាវ៉ា ស្តីពីការហាមប្រាមការប្រើប្រាស់គ្រាប់មីនប្រឆាំងមនុស្ស កម្ពុជាបានអនុវត្តន៍អនុសញ្ញានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនបានប្រើប្រាស់គ្រាប់មីនថ្មីណាមួយឡើយ ផ្ទុយទៅវិញកម្ពជាបានដោះមីនរាប់លានគ្រាប់ចេញពីទឹកដីរបស់ខ្លួន។
ឯកឧត្តមបានអះអាងថា៖ កម្ពុជា ជាប្រទេសបានដោះមីន និងបំផ្លាញមីនដែលប្រឆាំងនឹងមនុស្ស ព្រមទាំងគ្រាប់មិនទាន់ផ្ទុះផ្សេងៗទៀតដែលជាកាកសំណល់ពីសង្រ្គាមជាច្រើនលានគ្រាប់ចេញពីទឹកដីរបស់ខ្លួន។ លើសពីនេះកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងបេកសកម្មថែរក្សាសន្តិភាពនៅក្នុងពិភពលោក និងចូលរួមចំណែកដោះមីននៅតាមបណ្តាប្រទេសជាច្រើនទៀតក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ»។
ជាមួយគ្នានេះដែរ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិក៏បានប្រកាសច្រានចោលទាំងស្រុង ពីការចោទប្រកាន់ ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។ លោកជំទាវឧត្តមសេនីយ៍ឯកបានលើកឡើងថា កម្ពុជាចាត់ទុកថាវាជាការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ភាគីថៃ ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃ ដោយសារការផ្ទុះគ្រាប់មីន នៅតំបន់ប្រាសាទតាមាន់ធំ ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។
លោកជំទាវ ឧត្តមសេនីយ៍ឯកបានបន្ថែមថា កម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។ កម្ពុជាគឺជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីន ប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងនឹងមនុស្សនោះឡើយ៕
ប្រភព ៖ ក្រសួងព័ត៌មាន