ម៉ាឡេស៊ី៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ បានជួបជាមួយ នាយឧត្តមនាវី Samuel Paparo មេបញ្ជាការ បញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក (USINDOPACOM) និងឯកឧត្តម Edgard Kagan ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសម៉ាឡេស៊ី។
ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ឲ្យដឹងថា៖ នៅក្នុងកិច្ចជំនួបនោះ សហរដ្ឋអាមេរិក បានបញ្ជាក់ពីជំហររបស់ខ្លួន ក្នុងការគាំទ្របទឈប់បាញ់ ដែលជាគំនិតផ្តួចផ្តើម របស់ ឯកឧត្តមប្រធានាធិបតី Donald Trump (ដូណាល់ ត្រាំ) និងបានដឹកនាំដោយប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានប្តូរវេន ក្នុងការអនុវត្តបទឈប់បាញ់។
ឯកឧត្តមទាំងពីរ ក៏បានគូសបញ្ជាក់ ផងដែរថា នឹងធ្វើការតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឲ្យការអនុវត្តនេះដំណើរទៅប្រកបដោយភាពជោគជ័យ និងមានប្រសិទ្ធភាព។ សហរដ្ឋអាមេរិកនឹងចូលរួមគាំទ្រ ផ្នែកភស្តុភា និងបច្ចេកទេសសំខាន់ៗ ដើម្បីបង្កើតក្រុមការងារអ្នកសង្កេតការណ៍អាស៊ាន (AMT) ឲ្យបានលឿនបំផុត។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិក ក៏បានបង្ហាញពីអ្វីដែលជាការអនុវត្តបន្តរបស់សហរដ្ឋអាមេរិក រួមមាន៖ ការធ្វើផែនការយោធា, គ្រឿងបរិក្ខារ, ប្រព័ន្ធបញ្ជូនកម្លាំង, ប្រព័ន្ធឃ្លាំមើលតាមអាកាស និងសម្ភារៈបច្ចេកទេសទំនើបជាច្រើនទៀត។ ទាំងនេះគឺជាការបង្ហាញពីការតាំងចិត្តខ្ពស់ និងបានត្រៀមខ្លួនចូលរួម កសាងឱ្យមានសន្តិភាពកើតឡើងពិតប្រាកដ។