អគ្គនាយកស៊ីម៉ាក់៖ ទីតាំងគ្រាប់បែកទម្លាក់ពីយន្តហោះF-16 នៅសល់៥គ្រាប់ទៀត នៅកប់ដីនៅឡើយ, ស៊ីម៉ាក់នឹងអនុញ្ញាតឱ្យចូលពិនិត្យក្រោយបន្សាបរួច
Roth - ២០ សីហា ២០២៥
image

ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានសរសេរលើបណ្តាញសង្គមការងារផ្លូវការនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះថា ថៃបានខិតខំកែច្នៃក្រឡៃ សត្វដំរីមកជាសត្វស្រមោច និងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី។

ឯកឧត្តម បានបន្តថា សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ប្រភេទMK-84 ទម្ងន់ជិតមួយតោន​ ភាគីថៃខិតខំប្រែក្លាយខ្លួនជាជនរងគ្រោះ ដោយថា​កម្ពុជាខូចរកសុីលាបពណ៌​ថៃ​ ដោយយកគ្រាប់បែកMK-84 សំណល់សង្គ្រាមឆ្នាំ១៩៧០-១៩៧៣​ មកដាក់តាំងបង្ហាញ​ ប៉ុន្តែជាក់ស្តែងគ្រាប់បែកMK-84 ស្ថិតនៅភូមិថ្មដូន​ ឃុំគោកមននេះ​ ផលិតឆ្នាំ១៩៩៦​ ហើយគ្រាប់បែកMK-82ទម្លាក់នៅវត្តតាមន្តសែនជ័យផលិតនៅឆ្នាំ២០២៣។

តាមមន្ត្រីជាន់ខ្ពស់ខាងលើ បានចោទសួរថាតើគ្រាប់បែកផលិតនៅឆ្នាំ១៩៩៦ និង២០២៣​ អាចជាសំណល់សង្គ្រាមឆ្នាំពី១៩៧០-១៩៧៣កើតដែរឬ?

តាមអគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា ទីតាំងគ្រាប់បែកទម្លាក់នេះនៅសល់៥គ្រាប់ទៀ​តនៅកប់ដីនៅឡើយ​ ហើយមនុស្សម្នាលើលោកអាចមកឃើញគ្រាប់បែកទាំងនេះបាន​ និងអាចចុះមកពិនិត្យបាននៅពេលមន្ត្រីជំនាញ CMAC ដោះបន្សាបនាពេលខាងមុខ។

ឯកឧត្តម អគ្គនាយក បានលើកឡើងថា ប្រាសាទព្រះវិហារត្រូវរងគ្រោះដោយសារគ្រាប់ផ្លោង១៥៥មម​ គ្រាប់បែកចង្កោម​ និងគ្រាប់ជាច្រើនប្រភេទ ហើយនៅពេលឃើញរណ្តៅគ្រាប់ និងការបែកបាក់ប្រាសាទទាំងនោះ ពួកសៀមបែរជាចោទខ្មែរ​ថា រណ្តៅគ្រាប់ទាំងនោះ​ខែ្មររៀបចំជីករណ្តៅបង្ហាញ​ដើម្បីលាបពណ៌បង្ខូចឈ្មោះថៃ​ ហើយថៃជាជនរងគ្រោះទៅវិញ!

តាមរយៈបណ្តាញសង្គមខាងលើ ឯកឧត្តម ហេង រតនា បានបង្ហាញថា បញ្ហាគ្រាប់មីន​ ភាគីថៃខិតខំបង្ហាញថា​ ខ្លួនជាជនរងគ្រោះព្រោះខែ្មរប្រើគ្រាប់មីនPMN-2ថ្មី​ ក្នុងទឹកដីថៃ​! យកទៅដាក់ក្នុងទឹកដីសៀមរបៀបម៉េច? បើទឹកដីស្ថិតនៅទល់មុខគ្នានោះ​ជាដីមានជម្លោះ!។ មនុស្សក្នុងពិភពលោកក្នុងយុគសម័យបដិវត្តន៍បច្ចេកវិទ្យាAIនេះ​ ពិតជាមិនខ្វះប្រាជ្ញាពិចារណាលើបញ្ហានេះទាំងនេះ​ ដូចជាគ្រាប់បែក​MK-82 MK-84 និងគ្រាប់បែកចង្កោម​ មានប្រភពច្បាស់លាស់ណាស់ទាំងអ្នកការផលិត​ អ្នកលក់ដូរ​ អ្នកដឹកជញ្ជូន​ និងអ្នកប្រើប្រាស់៕

ប្រភព ៖ ក្រសួងព័ត៌មាន

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣