នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ លោក លី វិចិត្រ ប្រធានសហព័ន្ធសហជីពទឹកចិត្តកម្មករកម្ពុជា បានចុះជួបសំណេះសំណាលជាមួយប្រធានសហជីពមូលដ្ឋាន បងប្អូនតំណាងកម្មករ បងប្អូនប្រធានផ្នែក និងប្រធានក្រុមប្រមាណជាង២០នាក់ នៅរោងចក្រ អេច-ស៊ីនដា ស៊ូ (ខេមបូឌា) ឌីវេឡុបម៉ិន ឯ.ក ដែលមានអាសយដ្ឋានស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ឆ្លៀតក្នុងឱកាសនោះ លោក លី វិចិត្រ បានថ្លែងអំណរគុណដល់បងប្អូនប្រធានក្រុម និងបងប្អូនកម្មករដែលបំរើការងារនៅក្នុងរោងចក្រទាំងអស់ដែលកន្លងមកបានចេញថវិកាផ្ទាល់សម្រាប់ជួយដល់បងៗវីរៈកងទ័ពជួរមុខ និងជនភៀសសឹក។
លោក ក៏បានផ្សព្វផ្សាយដល់បងប្អូនកម្មករក្នុងរដូវភ្ជុំបិណ្ឌនេះ រាជរដ្ឋាភិបាលបានរៀបចំ រថយន្ដក្រុងជាងច្រើនគ្រឿនសម្រាប់ជូនដំណើរបងប្អូនប្រជាពលរដ្ឋទាំងអស់ទៅស្រុកកំណើត ជាពិសេសបងប្អូនកម្មករជាដើម។
បន្ថែមជាងនេះ លោក លី វិចិត្រ ក៏បានអំពាវដល់បងប្អូនកម្មករជួយផ្សព្វផ្សាយដល់បងប្អូន មិត្តភ័ក្រ្តដែលពុំទាន់មានការងារធ្វើ ជម្រុញពួកគាត់មកស្វែងរកការងារក្រោយរដូវបុណ្យភ្ជុំបានបញ្ចប់ តាមបណ្ដារោងចក្រនានាជាច្រើន កំពុងមានតម្រូវការកម្មករជាច្រើនរូប។
ម្យ៉ាងវិញទៀត លោក លី វិចិត្រ បានពន្យល់ណែនាំដល់បងប្អូនតំណាងសហជីព តំណាងកម្មករ ក៏ដូចប្រធានក្រុមទាំងអស់ ក្នុងករណីដែលសមាជិកណាម្នាក់ជួបមានវិវាទ ការងារ មិនថាវិវាទរួម ឬវិវាទបុគ្គល ក្នុងរោងចក្រ គឺអាចមករកតំណាងសហជីពយើង ដើម្បីរកដំណោះស្រាយ សម្របសម្រួលដល់បងប្អូន។ ជៀសវាងបញ្ហាតូច ក្លាយជាបញ្ហាធំ ដែលធ្វើប៉ះពាល់ដល់ទាំងការងាររបស់បងប្អូន និងខាងរោងចក្រជាដើម៕