ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សហព័ន្ឋសហជីពទូទាំងប្រទេសចិន(ACFTU) គណៈប្រតិភូសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា-(NACC)ដែលមានសមាជិក ៣០រូប ដឹកនាំដោយលោក សោម អូន រដ្ឋលេខាធិការ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវ: និងជាប្រធានកិត្តិយសសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ដើម្បីទៅបំពេញទស្សនៈកិច្ចការងាររយៈពេល១សប្តាយ៍ នៅសាធារណៈរដ្ឋប្រជាមានិតចិន។
លោក សោម អូន បានមានមានប្រសាសន៍ថាថា ក្នុងអំឡុងពេលទស្សនៈកិច្ច ៧ថ្ងៃនេះ គណៈប្រតិភូរបស់លោក នឹងអញ្ជើញចូលរួមក្នុងសកម្មភាពសិក្ខាសាលា បោះជំរុំកម្មករ រៀបចំដោយសហព័ន្ឋសហជីព ទូទាំងប្រទេសចិន នៅរដ្ឋធានីប៉េកាំង និងខេត្តជើជាំង ក្នុងគោលបំណងដើម្បីលើកកម្ពស់ការកសាងសហគមន៍កម្ពុជា-ចិនគ្រប់រដូវកាលជាមួយនឹងអនាគតរួមគ្នាក្នុង យុគសម័យថ្មី ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវការអភិវឌ្ឍន៍រួមរបស់កម្មករ និងការកសាងសមត្ថភាពរបស់សហជីព និងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងស្វែងយល់ពីប្រពៃណី វប្បធម៌ សេដ្ឋកិច្ចសង្គម វាងសហជីព និង ប្រជាជននៃប្រទេសទាំងពីរ។ លោក សោម អូន គូសបញ្ជាក់ថា “ខ្ញុំពិតជាមានកិត្តិយស ដែលបានដឹកនាំគណប្រតិភូថ្នាក់ដឹកនាំសហជីពក្នុងកំរិតថ្នាក់ជាតិ ដែលមានចំនួនច្រើនជាជាលើកទី២ មកបំពេញ ទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ដែលលើកទី១នៅក្នុង មេសា ឆ្នាំ២០១៨ កន្លងទៅ”។ ដំណើរទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍លើកនេះ ពិតជាមានសារ:សំខាន់ណាស់ សំរាប់ភាគីសហជីពប្រទេសទាំងពីរ ដើម្បីបន្តពង្រឹងពង្រីក នូវទំនាក់ទំនងទ្វេរភាគី ជាពៃណី សាមគ្គីភាព កិច្ចសហប្រតិបត្តិការ និង រៀនសូត្រ នូវបទ ពិសោធន៏ ល្អៗពីគ្នាទៅវិញទៅមក ជាពិសេសភាគីសហជីពកម្ពុជា និងទទួលបាន នូវបទពិសោធន៍ដ៏សំបូរបែបពី មិត្តចិន។
លោក សោម អូន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមានិតចិន ដែលតែងតែជួយគាំទ្រដល់កម្ពុជាទាំងនយោបាយ បច្ចកទេស សម្ភារៈ ថវិកា និងបានចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឲ្យរីកចម្រើនគ្រប់វិស័យ។ តាមកម្មវិធីដែលបានគ្រោងទុក គណៈប្រតិភូនៃសភាសម្ព័ន្ឋសហជីពជាតិកម្ពុជា(NACC) នឹងធ្វើមាតុភូមិនិវត្តន៍មកដល់ប្រទេសកម្ពុជាវិញ នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះតាមជើងហោះហើរ CA745៕