សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចេញញត្តិគាំទ្រ រាជរដ្ឋាភិបាលកម្ពុជាលើការឆ្លើយតបដោយប្រដាប់អាវុធ ប្រឆាំងនឹងការឈ្លានពានទឹកដីកម្ពុជាពីសំណាក់ទាហានថៃ
២៥ កក្កដា ២០២៥
image

ក្នុងនាមជាថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ព្រមទាំងសហព័ន្ធសហជីពទាំង ០៦ស្ថាប័ន របស់សហភាពសហជីព សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងលើគោលជំហរការពារយ៉ាងម៉ឺងម៉ាត់នូវ អធិបតេយ្យ និងបូរណភាពទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបចំពោះការប៉ុនប៉ងឈ្លានពានទឹកដីបំពានស្មារតី នៃ  អនុស្សារណៈឆ្នាំ២០០០ និងច្បាប់អន្តជាតិនានារបស់ទាហានថៃ ដោយបានឆ្លងផុតបន្ទាត់ក្រហម  ព្រមទាំងបាន ហ៊ុំព័ទ្ធប្រាសាទតាមាន់ធំ និងបាញ់ប្រហារមកលើកងទ័ពកម្ពុជា ប្រមាណម៉ោង ៩ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នេះ។

កម្ពុជាតែងតែប្រកាន់ជំហរ ចង់ដោះស្រាយដោយសន្តិវិធី និងចង់បានសន្តិភាព ប៉ុន្តែក្នុងករណីនេះ      កម្ពុជា គ្មានជម្រើសអ្វីក្រៅពីការឆ្លើយតប ដោយកម្លាំងប្រដាប់អាវុធតបត ប្រឆាំងនឹងការឈ្លានពានរបស់ទាហានថៃ ដោយប្រដាប់អាវុធនេះផងដែរ។

យើងខ្ញុំទាំងអស់គ្នាមានការជឿជាក់យ៉ាងមុតមាំ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគាំទ្រយ៉ាងពេញទំហឹងរាល់ចំណាត់ការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារ       ឯករាជ្យជាតិ អធិបតេយ្យជាតិ ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។

ជាថ្មីម្តងទៀត សហភាពសហជីពសុភមង្គលកម្មករកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិយើង សូម ជឿជាក់លើរាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងឈរជើងយ៉ាងរឹងមាំការពារបូរណភាពទឹកដីនៅជួរមុខ ការពារឯករាជ្យជាតិ អធិបតេយ្យជាតិ ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមម្លប់នៃ អង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង៕

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣