កណ្ដាល៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ លោក លី វិចិត្រ ប្រធានសហភាពសហជីពទឹកចិត្តកម្មករកម្ពុជា និងក្រុមការងារ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយបងប្អូនពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ចំនួន ៩៤នាក់ ហើយបច្ចុប្បុន្នពួកគាត់កំពុងបម្រើការនៅ ក្រុមហ៊ុន អេច-ស៊ីនដា ស៊ូ (ខេមបូឌា) ឌឹវេឡុបម៉ិន ឯ.ក ស្ថិតនៅភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្នុងឱកាសនោះ លោក លី វិចិត្រ បានមានប្រសាសន៍ថា ការជួបជុំនៅថ្ងៃនេះ ដើម្បីសំណេះសំណាល និងសួរសុខទុក្ខដល់បងប្អូនខ្មែរយើងដែលទើបវិលត្រឡប់មកពីប្រទេសថៃ ហើយការជួបជុំនេះ បង្ហាញពីការខ្វល់ខ្វាយចំពោះសុខទុក្ខ ដល់បងប្អូនពលករយើងទាំងអស់ ជាពិសេសគឺការផ្តល់ឱកាសការងារដល់បងប្អូនយើងនៅតាមបណ្តារោងចក្រ សហគ្រាស នានា នៅក្នុងប្រទេសកម្ពុជា ដែលទាំងនេះគឺជាការគិតគូពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោកតែងតែយកចិត្តទុក្ខដាក់ខ្លាំងដល់សុខទុក្ខ ក៏ដូចជា សុខសុវត្ថិភាពការងារ និងជីវភាពរស់នៅរបស់បងប្អូនខ្មែរជានិច្ច។
លោក លី វិចិត្រ បានរំលឹកថា សង្គ្រាមដែលបានកើតឡើងប៉ុន្មានថ្ងៃកន្លងទៅ រាជរដ្ឋាភិបាលយើងមានការសោកស្តាយចំពោះការឈ្លានពានរបស់ភាគីថៃមកលើបូរណភាពទឹកដីកម្ពុជា និងបានធ្វើឲ្យវីរ:កងទ័ពយើងបានពលីក្នុងសមរភូមិ មានអ្នកស្លាប់ របួស និងមានជនភៀសសឹកចាកចោលលំនៅឋាន ។ លោកប្រធានសហជីពបានបន្ថែមថា ក្នុងខណៈសង្រ្គាមឈ្លានពានថៃមកលើទឹកដីកម្ពុជា យ៉ាងបំពាន ឃើញមានបងប្អូនពលករខ្មែរយើងមួយចំនួនដែលកំពុងនៅក្នុងទឹកដីថៃនៅឡើយ ត្រូវបានក្រុមជ្រុលនិយមថៃតាមធ្វើទុក្ខបុកម្នេញ គួរឲ្យអណោចអធ័មណាស់ ខ្លះគេវាយធ្វើបាប ខ្លះគេគម្រាមមិនហ៊ានចេញមកក្រៅ ស៊ូទ្រាំសំងំនៅក្នុងបន្ទប់ ខ្លះទៀតគេចោទប្រកាន់ថាជាពលករខុសច្បាប់ ត្រូវបានគេចាប់ឃុំខ្លួន ។ រូបភាពទាំងអស់នេះ បង្ហាញពីទង្វើដ៏អាក្រក់ព្រៃផ្សៃរបស់ក្រុមជ្រុលនិយមថៃមកលើបងប្អូនខ្មែរយើងដែលត្រូវជនជាតិគេធ្វើបាប ពិតជាមានអារម្មណ៍ថាឈឺចាប់ណាស់ ហើយក្នុងនាមយើងជាខ្មែរត្រូវតែចងចាំជានិច្ច។
លោក លី វិចិត្រ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាយើង នៅតែរីករាយស្វាគមន៍ជានិច្ចសម្រាប់បងប្អូនពលករខ្មែរយើងដែលត្រឡប់មកប្រទេសកំណើតវិញ លោកបានខិតខំសម្របសម្រួលជាមួយភាគីថៃនៅតាមច្រកព្រំដែន ការផ្តល់មធ្យោបាយធ្វើដំណើរជូនទៅដល់ស្រុកកំណើត និងជាពិសេសការផ្តល់ឱកាសការងារជូនដល់បងប្អូនពលករខ្មែរយើង តាមរយៈក្រសួងការងារ និងតាមរយៈប្រព័ន្ធ Hot-line ១២៩៧ ដើម្បីងាយស្រួលដល់បងប្អូនខ្មែរយើងស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជា តាមជំនាញផ្សេងៗគ្នា ។
ជាចុងក្រោយ លោក លី វិចិត្រ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនជាពលករដែលទើបត្រឡប់មកពីប្រទេសថៃ ហើយបច្ចុប្បន្នបានបម្រើការងារនៅតាមរោងចក្រ សហគ្រាសនានា ហើយ ត្រូវខិតខំធ្វើការ ចេះស្រឡាញ់ពេញចិត្តចំពោះការងារ និងជាពិសេសក្នុងនាមជាខ្មែរដូចគ្នា ត្រូវចេះរួបរួមសាមគ្គីគ្នា គោរពស្រឡាញ់គ្នា អធ្យាស្រ័យឲ្យគ្នា និងសូមកុំរើសអើងគ្នា ដើម្បីជួយសេដ្ឋកិច្ចប្រទេសយើងទាំងអស់គ្នា ឲ្យកាន់តែរីកចំរើន និងសូមជូនពរដល់បងប្អូនពលករខ្មែរទាំងអស់ សមប្រកបនូវពុទ្ធពរទាំង ៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕