លោកជំទាវ ពុំ ចន្ទីនី  និងឯកឧត្តម គួច ចំរើន អញ្ជើញបិទការបោះជំរំយុវជនកាកបាទក្រហមលើកទី១ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង»
វុន សុខជា - ០៦ កុម្ភៈ ២០២៤
image

ខេត្តព្រះសីហនុ៖ នារាត្រីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការសាខាកាកបាទក្រហមកម្ពជា និងឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបិទការបោះជំរំយុវជនកាកបាទក្រហមលើកទី១ រយៈពេល៣ថ្ងៃ គឺថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកុម្ភះ ឆ្នាំ២០២៤ ក្រោមប្រធានបទ «យុវជនជាភ្នាក់ងារនៃការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់បរិស្ថានបៃតង» នៅឆ្នេរថ្មបីដុំ ស្ថិតនៅឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានយុវជនកាកបាទក្រហមមកពីខេត្តចំនួន ៧ មានដូចជា ខេត្តកំពត កែប កោះកុង កំពង់ស្ពី សៀមរាប ស្ទឹងត្រែង និងខេត្តព្រះសីហនុ សរុបចំនួន ២៣៤នាក់។

ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា និងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការបូកសរុបលទ្ធផលការរៀបចំបោះជំរំយុវជនកាកបាទក្រហមកម្ពុជាលើកទី១ សាខាកាកបាទក្រ ហមកម្ពុជា ដែលកើតចេញពីគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងមហាសន្និបាតកាកបាទក្រហមអាណត្តិទី៧ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការចូលរួមពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ តំណាងសាខាខេត្តស្ទឹងត្រែង កំពត កែប កោះកុង សៀមរាប និងខេត្តកំពង់ស្ពឺ សរុបចំនួន ២៣៤នាក់ ស្របពេលដែលក្រុងព្រះសីហនុ ទើបទទួលបានចំណាត់ថ្នាក់លេខ១ ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៣។

សកម្មភាពសំខាន់ៗនៃការបោះជំរំយុវជននាពេលនេះ មានដូចជា ១.បានរៀបចំ និងតុបតែងបរិវេណទីតាំងបោះជំរំ។ ២.តំឡើងតង់ និងរៀបចំកន្លែងស្នាក់នៅ។ ៣.លំហាត់ប្រាណជីកុងរៀងរាល់ព្រឹក ដើម្បីលើកកម្ពស់សន្ដិភាពផ្លូវចិត្ត។ ៤.សមច្រៀងចម្រៀង និងទម្រង់នៃការរៀបចំពិធីបើក-បិទជំរំ ៥.បែងចែកក្រុមពិភាក្សាចំនួន ៤ក្រុម រួមមាន៖ ក្រុមកោះរ៉ុងសន្លឹម កោះស្រមោច កោះឬស្សី និងក្រុមកោះសង្សារ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងឱ្យគ្នាទៅវិញទៅមក។ ៦.រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ សួនសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅវិទ្យាល័យ ហ៊ុន សែន វាលរេញ និងវិទ្យាល័យហ៊ុន សែន ព្រៃនប់។ ៧.រៀបចំដុតភ្លើងគប់ និងរាំកម្សាន្ត។ ៨.ការងារសម្អាតអនាម័យ និងបរិស្ថានក្នុងបរិ វេណជំរំ។ ៩.ការចម្អិនម្ហូបអាហារផ្ដើមចេញពីស្នាដៃយុវជនលើកកម្ពស់បំណិនជីវិត។ ១០.ដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ ដើមឈើចាំស្នេហ៍ ស្លាកអក្សរខ្មែរធ្វើបាន រង្វង់មូលព្រះថោងនាងនាគ និងរង្វង់មូលព្រះឧមា-មហេសូរ។ ១១.ការដាំដើមឈើចំនួន ២៦០ដើម រួមចំណែកលើកកម្ពស់ការប្រែប្រួលអាកាសធាតុ និងបរិស្ថានបៃតង។ ១២.លំហាត់សមសម្ដែងរឿងខ្លីអប់រំស្របតាមប្រធានបទនៃការបោះជំរំរួមមាន៖ -គោលនយោបាយ តួនាទី ភារកិច្ច និងការគ្រប់គ្រងក្លឹបយុវជនកាកបាទក្រហម -អ្វីទៅជាភ្នាក់ងារនៃការផ្លាស់ប្ដូរឥរិយាបថជាវិជ្ជមាន -តួនាទី និងភារកិច្ចរបស់យុវជនក្នុងការកាត់បន្ថយថង់ប្លាស្ទិក -ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពិការភាព -ការអប់រំសុខភាព និងអនាម័យជាដើម។

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានពាំនាំសួរសុខទុក្ខ និងសេចក្តីសនឹងរលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោក លោកស្រីជាទីប្រឹក្សាយុវជន មន្ត្រីសាខា ពិសេសក្មួយៗយុវជនដែលជាអ្នកបន្តវេនការងារមនុស្សធម៌នៅថ្ងៃអនាគត និងអគុណប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាគំរូមួយនៃការចាប់ផ្តើមអនុវត្តនូវសកម្មភាពទ្រទ្រងយុវជនជនស្ម័គ្រចិត្ត ហើយការធ្វើជាម្ចាស់ផ្ទះនៃការបោះជំរំនាពេលនេះជាគំរូល្អ សម្រាប់សាខាខេត្តឯទៀតមិនធ្វើបានធំដូចនេះទេ ក៏ប៉ុន្តែធំ ឬតូចវាមិនមែនជារឿងសំខាន់នោះទេ យើងនឹងជំរុញការបោះជំរំបន្តទៀត ដើម្បីជាបទពិសោធន៍សម្រាប់សាខាដ៏ទៃទៀតយកតម្រាប់តាម ព្រោះសាខាខេត្តព្រះសីហនុ មានលទ្ធភាពច្រើនមានដូចជា ធនធានមនុស្ស ធនធានថវិកា ក្នុងការរៀបចំបោះជំរំលើប្រធានបទមានច្រើន នេះជាលទ្ធផលមួយមិនអាចកាត់ថ្លៃបាន ព្រោះយើងចង់ឱ្យយុវជន និងអ្នកស្ម័គ្រចិត្តយុវជនរបស់យើងដើរតួក្នុងសកម្មភាពមនុស្សធម៌កាន់តែសកម្មថែមទៀត ហើយចំណេះដឹងដែលយើងទទួលបានពីការកាត់បន្ថយហានីភ័យនៃគ្រោះមហន្តរាយ ការការពារបរិស្ថានជាការងារសកលចាប់ផ្តើមពីយើងទាំងអស់គ្នា ត្រូវរួមគ្នាឱ្យសហគមន៍របស់យើងមានសុខភាពល្អ កសាងភាពធន់។ សូមក្មួយៗទាំងអស់ទទួលបានចំណេះដឹងយកទៅប្រើជាកម្លាំងចលករក្នុងសកម្មភាពមនុស្សធម៌ដោយបង្កើតសកម្មភាពកាន់តែផុសផុលនៅតាមសាខារបស់ខ្លួន៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣