សម្តេចធិបតី ហ៊ុន ម៉ាណែត សម្ពោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា នៅខេត្តកំពង់ស្ពឺ
Roth - ៣០ តុលា ២០២៣
image

កំពង់ស្ពឺ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣ នេះ បានអញ្ជើញជា អធិបតីភាព ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា នៅខេត្តកំព ង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន ។

 

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា សមិទ្ធផលនានា ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនេះ រួមមាន អគាររដ្ឋបាលសាលាខេត្ត, រូបសំណាកដែលកសាងឡើង សម្រាប់បង្ហាញនូវសក្ដានុពល ផ្នែកសេដ្ឋកិច្ច វប្បធម៌ ទេសចរណ៍ ដូចជា រូបសំណាកតារែកទឹកត្នោត, រូបផ្លែត្នោត, រូបប្រើសពីរ និងរង្វង់មូល បង្ហាញពីសក្ដានុពលវិស័យកសិកម្ម និងសិ-ឧស្សាហ៍កម្ម នៅក្នុងខេត្តកំពង់ស្ពឺ

 

អគាររដ្ឋបាលថ្មី មានកម្ពស់ ៤ជាន់ មានទំហំ ១២០ ម៉ែត្របួនជ្រុង សាងសង់ឡើង តាមរចនាបទនាសម័យដើម ហើយបានបើកការដ្ឋានសាងសង់ តាំងពីថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០១៧ មកម្ល៉េះ ។ អគារនេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀត នៅក្នុងចំណោមសមិទ្ធផលដទៃទៀត សម្រាប់ខេត្តកំពង់ស្ពឺ ដែលជាខេត្ត កំពុងមានសក្ដានុពលមួយ លើគ្រប់វិស័យ

 

បើតាមអភិបាលខេត្តកំពង់ស្ពឺ ក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធផល ជាច្រើនផ្សេងទៀត នៅតាមបណ្ដាឃុំ សង្កាត់ ក្រុង ស្រុក ទាំង៩ ដូចជា អគាររដ្ឋបាល សាលាស្រុក, ការិយាល័យច្រកចេញចូលតែមួយ, អគារសាលាឃុំ សង្កាត់ ។

 

ដោយឡែក សម្រាប់ការប្រកាសខេត្ត អស់មីនវិញ រហូតមកដល់ពេលនេះ គោលដៅ កម្ពុជាគ្មានមីន ឆ្នាំ២០២៥ បាននិងកំពុងមានវឌ្ឍនភាយ៉ាងល្អប្រសើរ ឆ្ពោះទៅរក គោលដៅដែលបានរំពឹងទុក ពីសំណាក់រាជរដ្ឋាភិបាលម្ពុជា។ ខេត្តកំពង់ស្ពឺ គឺជាខេត្តទី១៣ ដែលអស់មីនទាំងស្រុង បន្ទាប់ពីរាជធានី-ខេត្ត ទាំង ១២ ផ្សេងទៀត រួមមាន ខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពត

 

លោក វ៉ី សំណាង បានអះអាងថា សម្រាប់ខេត្តកំពង់ស្ពឺ ចំការមីនមានរហូតដល់ ៦៤០ ចំការ ក្នុងនោះ គិតជាផ្ទៃដី ៧៨ គីឡូម៉ែត្រក្រឡា ៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣