អាជ្ញាធរខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋ ចំនួន ២០គ្រួសារ ដែលកំពុងកាន់កាប់រស់នៅលើទីតាំងដីកម្មសិទ្ធិរបស់ធនាគារកាណាឌីយ៉ា ស្ថិតនៅក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់
វុន សុខជា - ២១ មីនា ២០២៤
image

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ សារព័ត៌មានទទួលបានសេចក្តីប្រកាស់របស់រដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបជូនដំណឹង ទៅដល់ប្រជាពលរដ្ឋ ចំនួន ២០គ្រួសារ ដែលកំពុងកាន់កាប់រស់នៅលើទីតាំងដីកម្មសិទ្ធិរបស់ធនាគារកាណាឌីយ៉ា មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១៨០២០៣០១-០០២៩ និងលេខ ១៨០២០៣០១-០០៣០ ស្ថិតនៅក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជ្រាបថា៖ ផ្អែកតាមយន្តការដោះស្រាយសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ រដ្ឋបាលខេត្តព្រះសីហនុ បានធ្វើការសម្រុះសម្រួលករណីវិវាទដីធ្លីរវាងភាគីប្រជាពលរដ្ឋប្រមាណ ២០០គ្រួសារ និងភាគីធនាគារកាណាឌីយ៉ា ជាលទ្ឋផលឃើញថាបងប្អូនប្រជាពលរដ្ឋចំនួន ១៧៨គ្រួសារ ស្មើនឹង៩០% បានឯកភាពទទួលយកគោលការណ៍ដោះស្រាយដីឡូតិ៍ មានទំហំដី ៥ម៉ែត្រ គុណ ២០ម៉ែត្រ ជាមួយនឹងការទទួលបានវិញ្ញាបនបត្របំបែកក្បាលដីស្របច្បាប់ ពីភាគីធនាគារកាណាឌីយ៉ា និងបានយល់ព្រមរុះរើសំណង់ផ្សេងៗដែលបានសាងសង់ និងកាន់កាប់រស់នៅកន្លងមកចេញពីទីតាំងដីដោយស្ម័គ្រចិត្ត។ ក្រោយការឯកភាព រវាងប្រជាពលរដ្ឋ និងធនាគារ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីចាប់ឆ្នោត និងប្រគល់លេខដីឡូតិ៍ជូនបងប្អូនប្រជាពលរដ្ឋរួចរាល់ហើយផងដែរ។

ចំពោះកិច្ចការដែលបានអនុវត្តខាងលើនេះ រដ្ឋបាលខេត្តព្រះសីហនុ បានពិនិត្យឃើញថា នៅមានប្រជាពលរដ្ឋចំនួន ២០គ្រួសារ ទៀត ដែលនៅបន្តកាន់កាប់រស់នៅលើដីកម្មសិទ្ឋិរបស់ធនាគារកាណាឌីយ៉ាដោយខុសច្បាប់ និងបានព្យាយាមធ្វើសកម្មភាពប្រឆាំងតវ៉ាគ្រប់រូបភាព រួមមានការផ្សព្វផ្សាយព័ត៌មានមួលបង្កាច់លើរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធនៅក្នុងបណ្តាញសង្គម ព្រមទាំងកៀរគរប្រជាពលរដ្ឋដទៃផ្សេងទៀត ដែលមិនមែនជាអ្នករស់នៅពិតប្រាកដឱ្យចូលរួមសកម្មភាពប្រឆាំងតវ៉ា និងរារាំង អំឡុងពេលក្រុមការងាររបស់រដ្ឋបាលខេត្ត ចុះរៀបចំឈូសឆាយទីតាំងដីឡូតិ៍ ជូនប្រជាពលរដ្ឋដែលជាអ្នកស្ម័គ្រចិត្តទទួលយកគោលការណ៍ដោះស្រាយពីធនាគារ។ 

ដើម្បីជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗ ពិសេសការធ្លាក់ខ្លួនក្លាយជាអ្នកប្រព្រឹត្តិបទល្មើស ព្រហ្មទណ្ឌដោយមិនដឹងខ្លួន រដ្ឋបាលខេត្តព្រះសីហនុ សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំង ២០គ្រួសារ និងក្រុមមេក្លោង សូមបញ្ឈប់សកម្មភាពខាងលើនេះជាបន្ទាន់។ ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យបងប្អូនចូលខ្លួនដោះស្រាយសម្រុះសម្រួលដោយសន្តិវិធី និងត្រូវធ្វើការរុះរើសំណង់ផ្សេងៗចេញពីទីតាំងដីកម្មសិទ្ធិរបស់ធនាគារកាណាឌីយ៉ា ក្នុងរយៈពេលជូន ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះជាកំហិត។

ក្នុងករណីប្រជាពលរដ្ឋណាដែលនៅតែចចេសរឹងរូស និងនៅបន្តធ្វើសកម្មភាពល្មើសច្បាប់ ជាពិសេសក្រុមមេក្លោងទាំងឡាយណា ដែលព្យាយាមញុះញង់បង្កឱ្យមានការប្រឆាំងតវ៉ា រារាំងដល់ដំណើរការឈូសឆាយ រៀបចំទីតាំងដីឡូតិ៍ជូនប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្ត រដ្ឋបាលខេត្តព្រះសីហនុ និងចាត់វិធានការតាមផ្លូវច្បាប់ យកមកផ្តន្ទាទោសឱ្យខាងតែបាន៕

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣