បទយកការណ៍៖ អ្នកស្រុកត្រាំកក់ជាង១០គ្រួសារ កែច្នៃសំបកពោត ធ្វើផ្កាច្រើនប្រភេទលក់នៅលើទីផ្សារ
Roth - ៣០ តុលា ២០២៣
image

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា៖ ផលិតដោយ លោកស្រី ហៀង គន្ធា

លោកអ្នកនាងប្រាកដជាជ្រាបច្បាស់ថា៖ កន្លងមកសំបកពោតគេតែងតែបោះចោល បន្ទាប់ពីបរិភោគសាច់រួច។ ប៉ុន្តែសព្វថ្ងៃមានយុវជនមួយរូប បានដឹកនាំអ្នកភូមិប្រមាណជាង១០គ្រួសារ យកសំបកពោតមកច្នៃប្រឌិត ធ្វើផ្កាជាច្រើនប្រភេទសម្រាប់តាំងលម្អ ឬធ្វើជាវត្ថុអនុស្សាវរីយ៍ ដែលបច្ចុប្បន្នកំពុងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ។

 

ដើម្បីជ្រាបច្បាស់ពីរឿងនេះសូមលោកអ្នកនាងស្តាប់បទយកការណ៍របស់វិទ្យុជាតិ កម្ពុជាដូចតទៅ៖

 

ផ្ទះផ្កាខ្មែរ ដែលគេល្បីតាមបណ្តាញសង្គមកន្លងមក បានបង្កើតឡើងនៅឆ្នាំ២០២១ ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ពីព្រោះក្នុងកាលៈទេសៈនោះប្រជាជនមួយចំនួនមិនមានការងារធ្វើ និងមិនអាចរកប្រាក់ចំណូលបានឡើយ។ ហេតុដូចនេះដោយភាពឈ្លាសវៃ និងឧស្សាហ៍ព្យាយាម ធ្វើឱ្យយុវជនមួយរូបមានគំនិតច្នៃប្រឌិត នឹកឃើញធ្វើផ្កាពី សំបកពោតតាមយូធូប តាមហ្វេសប៊ុក និងតាមផេកផ្សេងៗ ដែលបច្ចុប្បន្នអាចជួយរកចំណូលជូនអ្នកភូមិនៅខេត្តតាកែវ បានមួយកម្រិត ។

 

លោក វង្ស ហិរញ្ញនិយុទ្ធ ម្ចាស់ហាងផ្ទះផ្កាខ្មែរបានឱ្យដឹងថា៖ ដំបូងឡើយគ្រាន់តែចង់យកពេលទំនេរ ធ្វើផ្កាទុកលក់ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់ តែដោយមានភ្ញៀវគាំទ្រនិងចាប់អារម្មណ៍ច្រើនឡើងៗទៅ ទើបលោកក៏បានបង្កើតជាសហគមន៍មួយ ដែលបច្ចុប្បន្នបានផ្ដល់កម្រៃតិចតួច ដល់ពួកគាត់ បន្ទាប់ពីទំនេរធ្វើការងារស្រែចម្ការ។

 

សំឡេង៖« ជាក់ស្តែងផ្ទាល់ គឺជីវភាពរបស់ពួកគាត់មិនប្រែប្រួលអ្វីច្រើនទេ ប៉ុន្តែភាពសប្បាយចិត្តអ្វីដែលគាត់មាន គឺសប្បាយចិត្តជាងមុនឆ្ងាយ។ គាត់អាចមានថវិកាផ្ទាល់ខ្លួន ព្រោះរាល់ដងគាត់រំពឹងតែកូនចៅផ្ញើលុយធ្វើការនៅភ្នំពេញ នៅថៃ ក៏ប៉ុន្តែនៅពេលដែលគាត់មានការងារដែលយើងដាក់ជូនគាត់ធ្វើ បានន័យថាចំនួនមិនច្រើន ក៏ប៉ុន្តែជាចំនួនមួយដែលគាត់រកបានដោយខ្លួនឯង ហើយគាត់សប្បាយចិត្តលើប្រាក់ចំណូលដែលគាត់បានដោយផ្ទាល់។ អញ្ចឹងគាត់ត្រូវការធ្វើអីគាត់មិនចាំបាច់សុំកូនទៀតទេ។ មានន័យថាគាត់មានលុយខ្លួនឯងផ្ទាល់ ហើយអ្វីដែលខ្ញុំសង្កេតឃើញគឺអាចជួយដោះស្រាយជីវភាពប្រចាំថ្ងៃគាត់បានតិចតូចដែរ បើប្រៀបធៀបមុននឹងគាត់ធ្វើផ្កា »

 

លោកបានបន្ថែមទៀតថា៖ ដោយសារមានការគាំទ្រច្រើន ធ្វើឱ្យសំបកពោតដែលប្រមូលតាមភូមិកន្លងមក ផ្គត់ផ្គង់មិនបានគ្រប់គ្រាន់នោះទេ គឺសព្វថ្ងៃយកពីចម្ការនៅខេត្តកំពង់ចាម ដែលគេដាំដើម្បីធ្វើជាចំណីសត្វ។ ម្ចាស់ហាងរូបនេះលើកឡើងថា៖ មិនមែនគ្រប់សំបកពោតទាំងអស់សុទ្ធតែយកមកធ្វើបាននោះទេ គឺយើងយកតែ២ឬ៣ស្រទាប់ខាងក្នុង ដែលមានពណ៌សប៉ុណ្ណោះ ទើបធ្វើផ្កាទៅវាស្រស់ស្អាត។ លោកបានរៀបរាប់ពីការប្រមូលវត្ថុធាតុដើមដើម្បីធ្វើផ្កានេះទៀតថា៖

 

សំឡេង<< ជាពិសេសក្នុងរដូវវស្សានេះ ពួកគាត់ជួយយើងនៅក្នុងតំបន់ដែលពួកគាត់រស់នៅ វាជិតជើងភ្នំ អញ្ចឹងស្មៅភ្នំដែលដុះមកគាត់កាត់ សំដិលហាល ដូចជា ផ្កាពោត ផ្កាស្មៅ ស្រូវដែលផើម គឺគាត់ក៏កាត់យកមក ដើម្បីយើងដេគ័រជាមួយកន្ត្រក។ អញ្ចឹងនៅក្នុងកន្ត្រកផ្ការបស់យើង មានវត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុកតែម្តង រួមមាន ផ្លែឈូកក្រៀម ស្រូវផ្កាពោត ហើយនិងស្មៅ ដែលភាគច្រើនគឺផ្កាស្មៅរដូវវស្សាសម្បូរណាស់ គ្រាន់តែថាបច្ចេកទេសរបស់យើង អត់មានបច្ចេកទេសសម្ងួតទំនើបអ្វីទេយើងសំដិលហាលធម្មតា រួចយើងស្ងោរពណ៌ និងយកមករៀបដេគ័រតែម្តង>>។

 

ពីកាកសំណល់ស្លឹកឈើ ផ្លៃឈើមួយចំនួន បានប្រែក្លាយជាផ្កាសិប្បនិម្មិតដ៏ស្អាត រាប់ពាន់ទង ហើយជាច្រើនប្រភេទចម្រុះពណ៌ រៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាត មានទាំងរៀបដាក់ក្នុងកន្រ្តក ថូ បាច់ផ្កា និងធ្វើជាស៊ុម សម្រាប់ដាក់ព្យួរលើជញ្ជាំង ដែលមានសម្រស់ស្រស់ល្អឯកមួយបែបដែលគួរឱ្យទាក់ទាញក្រៃលែង។

 

លោក វង្ស ហិរញ្ញនិយុទ្ធ បានរៀបរាប់ពីដំណាក់កាលនៃការផលិតផ្កាសំបកពោតថា៖ ដំបូងត្រូវរើសសំបកពោតនៅស្រទាប់ខាងក្នុង យកមកហាល ឬសំដិលឱ្យស្ងួត រូចជ្រលក់ពណ៌តាមសេចក្តីត្រូវការរបស់ភ្ញៀវកម្មង់ មុននឹងរៀបផ្គុំជាបាច់ផ្កា ក៏ដូចជាប្រអប់កាដូអនុស្សាវរីយ៍ផ្សេងៗ។ រីឯតម្លៃ អាស្រ័យទៅលើម៉ូដផ្កានីមួយៗ ដែលក្នុង១ទងមានចាប់ពី១ដុល្លារឡើងទៅ។ លោកបានប្រាប់លម្អិតបន្ថែមទៀតថា៖

 

សំឡេង<>។ផ្ទះផ្កាខ្មែរ ជាហាងលក់ផ្កាមួយកន្លែង ដែលច្នៃពីសំបកពោត ធ្វើដោយផ្ទាល់ដៃ ដើម្បីឱ្យទៅជាផ្កាច្រើនប្រភេទ មានភាពស្រស់ស្អាតចម្រុះពណ៌ មិនចាញ់ផ្កាស្រស់នោះទេ ថែមទាំងអាចរក្សាទុកបានយូរ មិនបារម្ភស្រពោនស្វិតដូចផ្កាស្រស់ និងយកមកធ្វើជាអំណោយអនុស្សាវរីយ៍មួយប្រភេទដ៏មានអត្ថន័យជ្រាលជ្រៅថែមទៀតផង។

 

លោក វង្ស ហិរញ្ញនិយុទ្ធ ម្ចាស់ហាងផ្ទះផ្កាខ្មែរ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងជួយគាំទ្រផលិតផលក្នុងស្រុកទាំងអស់គ្នា ថ្វីត្បិតតែមានតម្លៃថ្លៃជាងផលិតផលនាំចូលបន្តិចក៏ពិតមែន ប៉ុន្តែគុណភាពល្អ ហើយម្យ៉ាងជួយឱ្យប្រជាជនយើងមានការងារធ្វើ។

ប្រភព ៖ ក្រសួងព័ត៌មាន

 

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣