ក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើត “គណៈកម្មការសម្របសម្រួលគម្រោង” ដើម្បីទទួលខុសត្រូវរួមក្នុងការអនុវត្តតួនាទី និងភារកិច្ចឱ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេស ពាក់ព័ន្ធជាធរមាន
វ៉ា បញ្ញា - ២៩ មីនា ២០២៤
image

ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែ របស់ថ្នាក់ដឹកនាំក្រសួង ដោយមានការអញ្ជើញចូលពី លោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង ជាច្រើនរូបផ្សេងទៀត។

កិច្ចប្រជុំនាឱកាសនេះ បានប្រព្រឹត្តទៅដោយរលូនតាមរបៀបវារៈមួយចំនួន រួមមាន៖ (១)ប្រកាសតែងតាំង សមាសភាពថ្នាក់ដឹកនាំក្រសួង (២)បទបង្ហាញអំពីសេចក្តីព្រាងច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹក (៣)ការផ្តល់អនុសាសន៍ណែនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រី ពាក់ព័ន្ធនឹងតួនាទីភារកិច្ច និងរំហូរការងាររបស់ គណៈកម្មសម្របសម្រួល និងតម្រង់ទិសសម្រាប់គ្រប់គ្រង និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណការ និងដឹកជញ្ជូន ដែលហៅកាត់ថា គណៈកម្មការសម្របសម្រួលគម្រោង និង បញ្ហាផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ការបង្កើត “គណៈកម្មការសម្របសម្រួលគម្រោង” គឺធ្វើឡើងដើម្បីទទួលខុសត្រូវរួមក្នុងការអនុវត្តតួនាទី និងភារកិច្ចឱ្យស្របតាមច្បាប់ និងបទប្បញ្ញត្តិបច្ចេកទេស ពាក់ព័ន្ធជាធរមាន ដោយក្នុងនោះ ក៏មានការបង្កើតលេខាធិការដ្ឋាន ដើម្បីជាសេនាធិការក្នុងការប្រមូលផ្តុំព័ត៌មានគម្រោង សម្រាប់ធ្វើការរៀបចំគោលនយោបាយ ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ រួមទាំងសម្របសម្រួលបូកសរុបរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តគម្រោង និងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីដាក់ជូនគណៈកម្មការសម្របសម្រួលគម្រោងពិនិត្យ និងរាយការណ៍ជូនរាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបានទាន់ពេលវេលាកំណត់។

 ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្ថែមថា ដើម្បីសម្រេចឲ្យបានប្រសិទ្ធភាពនូវតួនាទីភារកិច្ចរបស់ “គណៈកម្មការសម្របសម្រួលគម្រោង” ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធានាឱ្យបាននូវតម្លាភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពក្នុងការបំពេញការងារ ពិសេសគឺធានាបាននូវលំហូរការងារមួយ កាន់តែមានភាពល្អប្រសើរឡើង៕

ចេញផ្សាយ ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២៤

 

Most popular
Featured video
ក្រុមក្មេងទំនើងរហ័សនាមសូឡូនៅក្រុងប៉ោយប៉ែត ល្បីខាងកាប់គ្នា អ្នកណាមើលមុខក៏កាប់ អ្នកណាជិះវ៉ាពួកគេក៏កាប់ ២៤ តុលា ២០២៣